សម្តេចធិបតី : តើរាជរដ្ឋាភិបាលពិតជាធ្វើការម្នាក់ឯងក្នុងរឿងបញ្ហាជាតិ បញ្ហាដែនអធិបតេយ្យដូចការលើកឡើងមួយចំនួនមែនដែរឬទេ?

ចែករំលែក៖

ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា នៅក្នុងការដោះស្រាយបញ្ហាជាតិ បញ្ហាដែនអធិបតេយ្យ រាជរដ្ឋាភិបាលខិតខំធ្វើការរួមគ្នា រាល់ការគិតគូជាការងាររួមរបស់រាជរដ្ឋាភិបាល ជាការងាររួមរបស់ក្រុមការងារគ្រប់ជំនាញទាំងអស់ រួមជាមួយនឹងប្រជាជនទាំងអស់ យើងរួមគ្នាជាកម្លាំងចិត្ដធំណាស់។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានធ្វើសកម្មភាពកន្លងមក ក្នុងការគាំទ្រដល់សន្ដិភាព និងគាំទ្រដល់ការស្វែងរកដំណោះស្រាយមួយប្រកបដោយសេចក្ដីសុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ។ សម្ដេចធិបតី ថា ពិតណាស់យើងឈឺ យើងអាចរបួសខ្លះ ប៉ុន្ដែយើងមិនអាចឱ្យការឈឺ ឬរបួសផ្លូវកាយ និងផ្លូវចិត្ដ ធ្វើឱ្យយើងដួលនោះទេ យើងត្រូវរឹងមាំឡើង។ កាន់តែលំបាក កាន់តែឈឺ យើងកាន់តែរឹងមាំឡើងពង្រឹងជាតិខ្មែរទៅថ្ងៃខាងមុខ ព្រោះថាគ្មាននរណាមកពង្រឹងជាតិរបស់យើងនោះទេ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print