ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ជំហររបស់យើង គឺខិតខំដោះស្រាយដោយសន្ដិវិធី ដោយមូលដ្ឋានច្បាប់អន្ដរជាតិទៅលើបញ្ហាព្រំដែន គឺជាគោលការណ៍មួយដែលយើងខិតខំដាក់ទិសដៅ ព្រោះថាមានតែវិធីសាស្រ្ដនេះនោះទេ ដែលអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែង។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា លទ្ធផលអាចយឺត អាចលំបាកខ្លះ ប៉ុន្ដែយើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នា ហើយរកវិធីមួយដែលអាចដោះបញ្ចប់ កុំឱ្យវាកើតឡើងវិញទៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្ដរបស់យើង។
សម្ដេចធិបតី មានប្រសាសន៍សង្កត់ធ្ងន់ថា កន្លែងនេះពីមុនធ្លាប់តែអភិវឌ្ឍ ពីជំនាន់៨០ ៩០ ជាសមរភូមិសង្រ្គាមផ្ទៃក្នុង រហូតក្រោយមកក៏មានការអភិវឌ្ឍភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង ប៉ុន្ដែជាអកុសលក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ។ យើងសង្ឃឹមថា វានឹងបញ្ចប់ និងប្រែក្លាយទៅជាកន្លែងដែលមានការអភិវឌ្ឍរស់រវើករបស់ប្រជាពលរដ្ឋឡើងវិញ។
យើងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងផ្អែកលើច្បាប់ ដើម្បីការពារនូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស និងច្បាប់ដែលយើងមាន និងខិតខំឱ្យអស់លទ្ធភាពនៅក្នុងការការពារ៕
ដោយ : សិលា










