ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទ បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន១ នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះ អាវុធបណ្តាលឲ្យស្រ្តី០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន។
សូមបញ្ជាក់ថា នាថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៦វេលាម៉ោង ១៩និង៤៨នាទីមានករណីផ្ទុះអាវុធបណ្ដាល ឲ្យរងរបួសស្រ្តីរងគ្រោះ០១នាក់នៅចំណុច មុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវក្រសួងការបរទេសក្រុម78 ភូមិ14 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺនៅយប់ថ្ងៃដដែលឃាត់ខ្លួនបានជនសង្ស័យបង្ក១នាក់នៅចំណុចសណ្ឋាគារDV ផ្លូវ 2 ធ្នូ ភូមិ4 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ25ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដនិងគ្មាន លិខិតឆ្លងដែនហើយធ្វើតេស្ត មានសារធាតុញៀន។
វត្ថុតាងចាប់យកអាវុធខ្លី ម៉ាកK59 ចំនួន០១ដើម។ ចំពោះ អាវុធខ្លីម៉ាកK 59 ជនសង្ស័យបានយកទៅភ្លុងចោលនៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែងក្បែរកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យក ដើម្បីចាត់ការតាមនីតិវិធី។-ទូរស័ព្ទម៉ាក់ IPHONE ចំនួន 3 គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន១សន្លឹក ។
ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណកំពុង សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ពុំអាចសួរនាំបាន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕











