ភ្នំពេញ : សូមអបអរសាទរចំពោះជ័យលាភីសិស្សនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លើផេកផ្ទាល់ខ្លួនរបស់លោក ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា , ភាពជោគជ័យ និងសមិទ្ធផលជាទីមោទនៈនេះ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស, ការជ្រោមជ្រែងបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា និងការជួយគាំទ្រពីឪពុកម្តាយអាណាព្យាបាលលើការសិក្សា ព្រមទាំងការអនុវត្តកិច្ចការងារកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ស្របតាមស្មារតី អ្នកចេះគឺជាប់ ជាប់ដោយមោទនៈ។
សូមក្មួយៗសិស្សានុសិស្សទាំងអស់ បន្តព្យាយាមសិក្សារៀនសូត្រ និងហ្វឹកហាត់សមត្ថភាព និងចងចាំថា មិនថាយើងទាំងអស់គ្នាក្នុងនាមជាបុគ្គល ឬជាតិសាសន៍មួយ ទោះក្នុងកាលៈទេសៈណា ត្រូវតែឈរដោយរឹងមាំ ត្រូវតែខ្លាំង មានភាពជឿជាក់ និងប្តេជ្ញាចិត្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីទទួលជោគជ័យសម្រាប់ខ្លួនយើងផ្ទាល់ និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
ដោយ : សិលា










