ក្នុងឆ្នាំ២០២៦ កុមារជាង២០០លាននាក់នៅជុំវិញពិភពលោក ត្រូវការជំនួយមនុស្សធម៌

ចែករំលែក៖

សារព័ត៌មាន Anadolu នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ អង្គការមូលនិធិកុមារ UNICEF បាននិយាយថា កុមារជាង២០០លាននាក់ នៅតាមប្រទេសជាង១៣០ នឹងត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ២០២៦នេះ។

ប្រធានអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយថា វិសាលភាពនិងភាពស្មុគស្មាញ នៃបញ្ហាដែលកុមារនៅលើពិភពលោកកំពុងតែប្រឈម គឺកាន់តែរីកធំឡើងៗ ដោយសារតែជម្លោះ ការប្រែប្រួលអាកាសធាតុ អស្ថិរភាពសេដ្ឋកិច្ច និងវិសមភាព។ លោកស្រី Russell បានលើកឡើងថា ស្ថានការណ៍មនុស្សធម៌ ដែលកុមារកំពុងប្រឈមនាពេលនេះ គឺមានសភាពធ្ងន់ធ្ងរបំផុតមួយ ខណៈកុមារជាង២០០លាននាក់ នៅតាមប្រទេសសរុបជាង១៣០ ត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំនេះ។
លោកស្រីបានបន្តថា បរិយាកាសពិភពលោកសម្រាប់កុមារ បាននិងកំពុងបង្កការលំបាកកាន់តែខ្លាំង ដោយសម្ពាធកើនលើគ្រួសារនិងសហគមន៍ ស្របពេលតម្រូវការកើនឡើង ហើយធនធានថយចុះ។ លោកស្រីបានព្រមានថា វឌ្ឍនភាពរាប់ទសវត្សរ៍នៃការរស់រានមានជីវិតរបស់កុមារ ឥឡូវកំពុងស្ថិតក្រោមហានិភ័យដើរថយក្រោយវិញ ដ្បិតឆ្នាំ២០២៥ អាចជាឆ្នាំដំបូងក្នុងសតវត្សរ៍នេះ ដែលអត្រាមរណៈកុមារកើនឡើង។
លោកស្រីប្រធាន UNICEF បានបន្ថែមថា ខណៈតម្រូវការកើនឡើង តែបែរជាមានការកាត់បន្ថយមូលនិធិធំៗនិងភ្លាមៗ ដែលដាក់បន្ទុកជម្រើសដ៏លំបាកបំផុតសម្រាប់ប្រតិបត្តិការមនុស្សធម៌ ពោលគឺត្រូវជ្រើសរើសជីវិតមួយណា ដែលគួរផ្តោតអាទិភាព ដោយសារតែធនធានមានកំណត់ ខណៈការផ្តល់សេវាកម្មនិងអន្តរាគមន៍ ដែលកុមារពឹងផ្អែកលើដើម្បីរស់រាន ត្រូវបានកាត់បន្ថយ។
ជាចុងក្រោយ លោកស្រី Russell បានគូសបញ្ជាក់ថា UNICEF ធ្វើប្រតិបត្តិការនៅប្រទេសនិងដែនដីជាង១៩០ ហើយអំពាវនាវឱ្យមានភាពជាដៃគូនិងកំណែទម្រង់រឹងមាំជាងមុន ដើម្បីរក្សានិរន្តរភាពនៃការងារដែលសង្រ្គោះអាយុជីវិតរបស់កុមារ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print