ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតទាំងកណ្ដាលថ្ងៃត្រង់ក្នុងកន្លែងឃុំឃាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដោយពុំដឹងមូលហេតុច្បាស់លាស់ និងគ្មានការទទួលខុសត្រូវពីសំណាក់មន្រ្តីនគរបាល ឬជាភាពកម្សោយរបស់មន្រ្តីនគរបាលក្រុងពោធិ៍សាត់ដែលមានលោកវរសេនីយ៍ឯក កែវ សារិ ជាអធិការ ?
ជនសង្ស័យ(រងគ្រោះ)ត្រូវបានគេស្គាល់ឈ្មោះ វុទ្ធី សុវណ្ណ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ(ស្លាប់)បានយកក្រណាត់ភួយពណ៌សក្រហមមូរចងនឹងចម្រឹងដែក ដោយស្លាប់អង្គុយយ៉ាងសង្វេគ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះគេពុំដឹងជាប់ពាក់ព័ន្ធនឹងមន្រ្តីនគរបាលក្រុងពោធិ៍សាត់នេះយ៉ាងណាទេ ខណៈដែលមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដូចជាព្យាយាមលាក់បាំង ។ បញ្ហានេះមន្ត្រីជំនាញក្រសួងមហាផ្ទៃគួរចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យស្រាវជ្រាវឡើងវិញ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។ ម្យ៉ាងទៀតអង្គភាពនគរបាលក្រុងពោធិ៍សាត់នេះក៏លេចឮមតិរិះគន់ច្រើនណាស់ដែរនាពេលកន្លងទៅ។
ករណីខាងលើ លោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់(យ៉ាងខ្លី)តាមទូរស័ព្ទនៅវេលាម៉ោង១៣ និង០៦នាទីរសៀលថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា បញ្ហាខាងលើពិតជាកើតមានមែន ប៉ុន្តែគ្មានរបាយការណ៍ទេ ជនរងគ្រោះជាប់ពាក់ព័ន្ធនឹងករណី(គ្រឿងញៀន)ហើយកន្លងទៅមានបញ្ហាប្រហាក់ប្រហែលនេះម្ដងដែរ ដោយកើតឡើងនៅស្នងការដ្ឋាននគរបាលខេត្ត ។ លោកបញ្ជាក់ ជនរងគ្រោះបានឯកភាពពីក្រុមគ្រួសារ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ថែមទាំងធ្វើការពិនិត្យពីសំណាក់មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធផងដែរ ៕
ដោយៈ ប៉ឹម ពិន










