ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្ន ភាពសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក២.៦៩៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៥សែន៧ម៉ឺននាក់ ឬជិត ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៧៩.៦០៧នាក់ទៀត (ស្ត្រី៤១.៧៧៧នាក់ និង កុមារ២៦.៦៣៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៤ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៧ បន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។
កិច្ចប្រជុំ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ សកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ជាក់ស្តែងថ្មីៗនេះទៀត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាល ស្ថិតក្នុងស្រុកថ្មពួក និងជីកប្រឡាយ សាងសង់ផ្លូវ ព្រមទាំងចាក់ដីលុបស្រះទឹក នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះបានដើរផ្ទុយពីខ្លឹមសារនៃសេចក្តីប្រកាសរួម ពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសគោលការណ៍គ្រឹះនៃ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ជារឿងចាំបាច់ ដែលសាធារណជនជាតិ និង អន្តរជាតិ ត្រូវដឹងច្បាស់ពីជំហរកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រំដែន កម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងដែលរាជរដ្ឋាភិបាលប្តេជ្ញាការពារអធិបតេយ្យ បូរណភាពទឹកដី និង ប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់របស់ភាគី ទាំងពីរ ដោយមិនទទួលស្គាល់ដាច់ខាត ការកាន់កាប់ទឹកដីគ្រប់រូបភាពតាមរយៈការប្រើកម្លាំងខុសច្បាប់។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិរួបរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាព្រំដែនតាមគោលការណ៍សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន និងសូមរក្សា ស្មារតីរួមមួយថា ជម្លោះទឹកដីនេះពិតជាបង្កការឈឺចាប់ ប៉ុន្តែយើងមិនត្រូវដួលដោយសារការឈឺចាប់នេះជាដាច់ខាត ផ្ទុយទៅវិញគឺត្រូវប្រែក្លាយការឈឺចាប់នេះឱ្យទៅជាភាពរឹងមាំនៃជាតិ និងប្រជាជនយើង៕
ដោយ៖សិលា










