ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់បានស្លាប់ និង៤នាក់ទៀត រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ០០៖០៩នាទីឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៩-លេខ៨០ ស្ថិតក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន២នាក់ (ស្រីម្នាក់ និងរងរបួសធ្ងន់៤ នាក់ (ស្រី២នាក់)។
លោកបន្តថា មុនពេលកើតហេតុមានរថយន្តសណ្ដោងស៉ឺមីរឺម៉ក១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខស្វាយរៀង 3A-1138 ស៉ឺមីរ៉ឺម៉កពាក់ផ្លាកលេខព្រះ សីហនុ 4A-1169 អ្នកបើកបរពុំស្គាល់ឈ្មោះនិងពុំស្គាល់ អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងទៅទិសខាងជើង។
លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្ត១ គ្រឿងម៉ាក HYUNDAI ពណ៌ទឹកក្រូច រថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ Cambolink21 បើកបរពីទិសខាងត្បូងទៅទិសខាង ជើង ក្នុងដំណើរស្របទិសគ្នាបានទៅបុករថយន្តដឹកអ្នកដំណើរពីក្រោយ។ ដោយឡែកអ្នកបើកបរពុំស្គាល់ ឈ្មោះ និងអត្តសញ្ញាណបានរត់គេចចេញពីកន្លែងកើតហេតុផងដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីខាងលើនេះ បានបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់។ វត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។
លោកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះ មូលហេតុគឺមិនដែលមកពីការបើកបរក្នុងល្បឿនលឿន ដែលងាយបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ឆ្លៀតក្នុងឱកាសនេះដែរលោកវរសេនីយ៍ឯក ក៏បានអំពាវនាវអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចំពោះការធ្វើចរាចរណ៍នៅ ពេលយប់ ឬក៏ពេលថ្ងៃត្រូវមានការប្រុងប្រយ័ត្ន និងត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ពិសេសការបើកបរនៅពេលយប់សូមកុំបើកបរលើសល្បឿនកំណត់ និងកុំពិសា គ្រឿងស្រវឹងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថា ហេតុដូចករណីខាងលើនេះ៕










