ភ្នំពេញ៖ អាជ្ញាធរខេត្ដកំពង់ចាម នូវតែរក្សាតម្លៃ និងឱ្យតម្លៃលៀសព្រោះថាជាខេត្ដនៅជាប់និងទន្លេដែលសំបូរជាងគេ ដូច្នេះអាជ្ញាធរកំពុងត្រៀមលៀសហាល៥តោន សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី កំពង់ចាម ឆ្នាំ២០២៦នេះន។
លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំស្តីពីពីការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍សង្គ្រាន្តឆ្នាំថ្មីប្រពៃណីជាតិ នៅខែខាងមុខ ។ កិច្ចប្រជុំបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងឆ្នាំ២០២៦ ឱ្យមានភាពកាន់តែមានភាពអធិកអធម និងទាក់ទាញភ្ញៀវទេស ចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំ«លៀសហាល» ដែលមានទម្ងន់រហូតដល់ ៥តោន និងតម្រៀបជាជួរមានប្រវែងដល់ទៅ ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦។
លោក អ៊ុន ចាន់ដា បានបន្ថែមថាការសម្រេចបន្តជ្រើសរើសយក “លៀសហាល” មកធ្វើជាចំណុចទាក់ទាញសំខាន់នាឆ្នាំនេះ គឺក្នុងគោលបំណងលើកកម្ពស់ចំណីអាហារ ដែលជាអត្តសញ្ញាណដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ខេត្តផងដែរ។ តាមរយៈការរៀបចំនេះ ខេត្តកំពង់ចាមចង់បង្ហាញពីភាពសម្បូរបែបនៃធនធានជលផលទឹកសាប និងការច្នៃប្រឌិតរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលសំខាន់នោះ ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើឡើង ដើម្បីការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តកំពង់ចាមកាន់តែច្រើន ដែលនឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការស្នាក់នៅ ការហូបចុក និងការលក់ដូររបស់បងប្អូនអាជីវករ ៕
ដោយ៖ សំរិត









