ភ្នំពេញ÷បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូជាមួយផាសអ៊ែប ( PassApp) នៅក្បែរស្ពានអាកាស៧មករា ខណ្ឌទួលគោក ហើយក្រុមគ្រួសារខាងភាគីម៉ូតូ បានចោទប្រកាន់មកលើសមត្ថកិច្ចថាត្រូវឃុបឃិតដោះលែងម្ចាស់ផាសអ៊ែប (PassApp) បើករត់គេចខ្លួនមិនទទួលខុសត្រូវដើម្បីដោះស្រាយ។
ចំពោះករណីនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:២០នាទីរំលងអធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវ៥៩៨ ក្បែរស្ពានអាកាស៧មករា ស្ថិតក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រវាងម៉ូតូជាមួយផាសអ៊ែប ( PassApp) បានធ្វើដំណើរបើកបរស្របទិសគ្នាពីទិសខាងត្បូងមកខាងជើង លុះដល់ចំណុចកើតហេតុខាងលើ បានប៉ះគ្នាបណ្តាលឱ្យខាងភាគីម៉ូតូរបួស ស្រាល និងមធ្យោបាយរងខូចខាតទាំងសងខាង។
បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ដោយបានសួរនាំ ភាគីទាំងសងខាង ហើយភាគីទាំងសងខាងបានព្រមសម្របសម្រួលបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនប្តឹងផ្តល់គ្នា ព្រមទាំងយកម៉ូតូ និងផាសអ៊ែប (PassApp) ទៅជុសជួលរៀងៗខ្លួន ខណៈនោះទើប សមត្ថកិច្ចក៏អនុញ្ញាតឱ្យភាគីទាំងសងខាងយកម៉ូតូ និងផាសអ៊ែប (PassApp) ចាកចេញទៅ។
លុះក្រោយមកក្រុមគ្រួសារខាងភាគីម៉ូតូ មកស្រែកឡាំប៉ា ចោទប្រកាន់មកលើសមត្ថកិច្ចថាត្រូវឃុបឃិតគ្នាជាមួយម្ចាស់ផាសអ៊ែប (PassApp) ទើបដោះលែងម្ចាស់ផាសអ៊ែប (PassApp) បើករត់គេចខ្លួន។ សមត្ថកិច្ចបានពន្យល់ប្រាប់ដល់ក្រុមគ្រួសារខាងភាគីម៉ូតូ យ៉ាងណា ក៏ដោយ ក៏ពួកគាត់មិនព្រមស្តាប់សមត្ថកិច្ចនោះទេ។
បន្ទាប់មកសមត្ថកិច្ចណែនាំគាត់ទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមជំនាញ និងស្វែងរកម្ចាស់ផាសអ៊ែប (PassApp) ចូលមកដោះស្រាយតាមនីតិវិធី៕










