ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ របស់អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនជាតិចិន ៧១នាក់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៧១នាក់ (ស្រី០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
គួរជម្រាបថា មនុស្សជាច្រើនផ្សេងទៀត នៅតែត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងកំពុងស្ថិតក្រោមការស៊ើបអង្កេត តាមនីតិវិធីច្បាប់ មុនធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់។
ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ប៉ូលីសចិន បានមកចូលរួមសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធានាដំណើរការផ្ទេរ និង ចាកចេញរបស់សង្ស័យជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយ។
នៅពេលដូចគ្នា ប្រតិបត្តិការបោសសំអាតបទល្មើស Online Scam របស់អាជ្ញាធរកម្ពុជានៅតែបន្ត ដូចភ្លៀងរលឹម៕
ដោយ៖តារា










