លោករដ្ឋមន្ត្រី កែវ រតនៈ នាំយកថវិកាជាង ១០ម៉ឺនដុល្លាររបស់និយោជិកអគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា​ នាទិវានៃក្តីស្រលាញ់!

ចែករំលែក៖

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារនាំយកថវិកាមនុស្សធម៌ជាង ១០ម៉ឺនដុល្លារ របស់និយោជិកអគ្គិសនីកម្ពុជា និងអតិថិជនរបស់ខ្លួន និងក្រសួងរ៉ែ និងថាមពល ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចូលរួមអបអរទិវានៃក្តីស្រលាញ់។

លោក កែវ រតនៈ បានបញ្ជាក់ថា ការនាំយកថវិកាប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផានាពេលនេះ ក្រៅពីការអបអរទិវានៃក្តីស្រលាញ់ហើយនោះ ក៏ដើម្បីជាការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ ជាការការពារ និងទ្រទ្រង់ដល់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជាផងដែរ។​ លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ជារៀងរាល់ឆ្នាំរាប់ចាប់ពីលោកនៅជាអគ្គនាយកអគ្គិសនីកម្ពុជា លោកតែងតែផ្តួចផ្តើមជាមួយនិយោជិកអគ្គិសនីកម្ពុជា បង្កើតចលនាស្ម័គ្រចិត្ត គៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ទបុប្ផា ដើម្បីជួយទ្រទ្រងកុមារកម្ពុជា ជាពិសេសកុមារក្រីក្រ មកពីទីជនបទ ដែលមកទទួលសេវាព្យាបាលមន្ទីរពេទ្យគន្ធបុប្ផានេះ។

សូមជម្រាបដែរថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញ នៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប (មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។ មន្ទីរពេទ្យគន្ធបុប្ផា មានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅសង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេសជំងឺបំពង់រំលាយអាហារកុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។
ជាក់ស្តែងក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។

...

តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print