សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអួតអាងអំពីអាវុធសម្ងាត់មួយ ដែលអាចរារាំងប្រព័ន្ធការពារផលិតដោយរុស្ស៉ីនិងចិន ស្របពេលរូបលោកចុះជួបកងកម្លាំងពិសេស ដែលបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។
ថ្លែងប្រាប់កងទ័ពអំឡុងទស្សនកិច្ចនៅមូលដ្ឋានយោធាមួយកន្លែង ក្នុងរដ្ឋ North Carolina លោក ត្រាំ បានលើកឡើងជាសាធារណៈ អំពីអាវុធសម្ងាត់មួយហៅថា discombobulator ដែលត្រូវបានប្រើប្រាស់អំឡុងប្រតិបត្តិចាប់ខ្លួន លោក Maduro ហើយបានអះអាងថា វាបានធ្វើប្រព័ន្ធការពារនៅប្រទេសវ៉េណេស៊ុយអេឡា ដែលផលិតដោយរុស្ស៉ីនិងចិន មិនអាចដំណើរការបាន។
អំឡុងទស្សនកិច្ចខាងលើ លោក ត្រាំ បានជួបជាមួយកងកម្លាំងយោធាពិសេស ដែលបានដឹកនាំប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា កាលពីវេលាយប់នោះ ពិភពលោកទាំងមូល បានមើលឃើញឫទ្ធានុភាពយោធាពេញលេញទាំងស្រុង នៃសមត្ថភាពរបស់កងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលច្បាស់លាស់និងអស្ចារ្យជាទីបំផុត។
កាលពីថ្ងៃទី៣ ខែមករា កងកម្លាំងអាមេរិកបានជិះឧទ្ធម្ភាគចក្រ ក្រោមផ្ទៃមេឃងងឹតលបចូលទៅវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងភរិយា ចេញពីកន្លែងមួយ ដែលមានការការពារសន្តិសុខយ៉ាងរឹងមាំ នៅរដ្ឋធានីការ៉ាកាស ដោយប្រើពេលត្រឹមប៉ុន្មានម៉ោង។ វ៉េណេស៊ុយអេឡា បានអះអាងថា មនុស្ស៨៣នាក់បានស្លាប់ និងជាង១០០នាក់បានរងរបួស អំឡុងប្រតិបត្តិការរបស់អាមេរិក។ រីឯបើតាមលោក ត្រាំ ពុំមានកងទ័ពអាមេរិកណាម្នាក់ស្លាប់ទេ ប៉ុន្តែពីឡុតឧទ្ធម្ភាគចក្រ៣នាក់ បានរងរបួស។
ឥឡូវ លោក Maduro កំពុងជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិក ដោយប្រឈមការចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន ក៏ដូចជាបទឧក្រិដ្ឋដទៃទៀត។ លោក ត្រាំ បានយល់ព្រមឱ្យអនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ឡើងកាន់អំណាចជំនួសលោក Maduro ក្រោមលក្ខខណ្ឌថា លោកស្រីត្រូវអនុវត្តតាមការទាមទារផ្សេងៗរបស់លោក ជាពិសេសពាក់ព័ន្ធរឿងប្រេង៕
រូបថត: TTXVN










