ខេត្តព្រៃវែង ៖ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានឃាតករចាប់ចងដៃចងជើង ច្រកក្ក្នុង៉ាលិស រួចដឹកយកមកបោះចូលទឹកស្ទឹង ហើយត្រូវបានអ្នកអ្នកប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង7 និង20នាទីយប់ ថ្ងៃទី13 កុម្ភៈ ស្ថិតនៅចំណុចទឹកស្ទឹងអន្លង់វែង ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចស្រុកកំចាយមារបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា បានប្រទះឃើញវ៉ាលិសធំ១ ពណ៌ខ្មៅមានសភាពគួរឲ្យសង្ស័យ មិនដឹងអ្នកណាយកមកបោះ ចោលក្នុងទឹកស្ទឹងអន្លង់វែង ទើបសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្រង់យកវ៉ាលិសចេញពីក្នុងស្ទឹងយកមកពិនិត្យមើល ក៏ប្រទះឃើញមានសាកសពបុរសម្នាក់នៅក្នុងវ៉ាលិសនោះ ។
ប្រភពដដែលបានឱ្យដឹងថា សាកសពជនរងគ្រោះ គឺជាបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ពាក់អាវយឺតដៃខ្លីពណ៌ស ខោជើងខ្លីត្រឹមក្បាលជង្គង់ ត្រូវបានឃាតករចងដៃចងជើង មាត់រុំស្កុតបិទជិត មានអាយុប្រហែល40ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា គេមិនទាន់ដឹងថា ជនរងគ្រោះត្រូវបានគេសម្លាប់តាំងពីពេលណាទេ? ដោយសាររឿងអ្វី? និងដឹកយកមកពីកន្លែងណាទេ? ព្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ ដោយ ឡែក សាកសពជនរងគ្រោះ ត្រូវបានគេយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ៕










