ផលិតកម្មរ៉ែមាសកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី ដែលគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោន តាមការដ្ឋានរ៉ែដែលស្ថិតនៅក្នុងខេត្តព្រះវិហារ កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តបាត់ដំបង។ ដោយឡែក រ៉ែថ្មនិងខ្សាច់សំណង់បានដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់តូចធំនានានៅទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្តីពី ពិព័រណ៍ផលិតផលរ៉ែឆ្នាំ ២០២៦។
ក្រសួងបញ្ជាក់ថា៖«ផលិតផលរ៉ែដែលបានដាក់តាំងបង្ហាញនៅពេលនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាមានផលិតផលរ៉ែជាច្រើនមុខដែលមានគុណភាពល្អនិងតម្លៃសមរម្យអាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់។ ក្រសួងរ៉ែនិងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរជំនួសឱ្យផលិតផលនាំចូល ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ»។
បើតាមក្រសួងរ៉ែ រហូតមកទល់នឹងបច្ចុប្បន្ននេះទុនវិនិយោគសរុបក្នុងវិស័យរ៉ែមានប្រមាណ ២ ៨៩០ លានដុល្លារអាម៉េរិក ហើយបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ ១៣០ នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែរ ប្រមាណ ១១ ៥៤៧ នាក់ ស្មើនឹង ៩៥%។ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពី ១៣,១០ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៦ ទៅ ១៣៥,៥៥ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។
លើសពីនេះទៀត ប្រតិបត្តិការធនធានរ៉ែក៏បានចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈ មូលនិធិរ៉ែសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលផ្តួចផ្តើមបង្កើតឡើងដោយក្រសួងរ៉ែនិងថាមពល ក្នុងគោលបំណងបង្កើតឱ្យមានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ។ ចាប់ពីឆ្នាំ២០១៥ រហូតដល់ ឆ្នាំ២០២៥ មានគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន១១៧គម្រោង (រួមមានសាលារៀន ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ អណ្តូងទឹក ។ល។) ត្រូវបានអនុវត្តបញ្ចប់ តាមបណ្តាឃុំ/សង្កាត់ដែលមានប្រតិបត្តិការធនធានរ៉ែទូទាំងប្រទេស និងគម្រោងចំនួន២០កំពុងបន្តអនុវត្តដែល ប្រើប្រាស់ថវិកាមូលនិធិរ៉ែប្រមាណ១០លានដុល្លារអាម៉េរិក។
សូមជម្រាបជូនថា ពិព័រណ៍ផលិតផលរ៉ែលើកទី១នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីវាល រូបសំណាកតេជោមាស តេជោយ៉ត ដោយមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន សមាគម ក្រុមហ៊ុន និងសហគ្រាសអាជីវកម្មរ៉ែ សរុបចំនួន២១ ចែកចេញជា ៣១ស្តង់៕










