ខេត្តឧត្តរមានជ័យ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លួត សុផល ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើសកម្មភាពថតវីដេអូនៅចំណុចអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានយកផុសក្នុងបណ្តាញសង្គមហ្វេសបុកដែលមានគណនីឈ្មោះ Sophal Osmach កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានចំណងជើងថា «អត់សូម្បីទឹក»។
ដោយខ្លឹមសារក្នុងវីដេអូបញ្ជាក់ថា «….សូមពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយផងបាទ សូមពុកម៉ែ ចែករំលែកមួយថា អ្នកដែល ប៊ុន ភ្នែករវាស់មើលហាស់ ឱ្យមើលកន្លែងទឹកញាំផង ទឹកត្រូវយកដាក់ឱ្យគ្រប់ជ្រុងគ្រប់កន្លែងផង ពេលមានហានិភ័យប៉ឹប មានទឹកញ៉ាំគ្រប់កន្លែង រត់ទៅកន្លែងណាក៏មានទឹកញាំ ត្រូវយកដាក់ឱ្យបានច្រើនកន្លែង ការពារ ការពារទម្រង់មុន កុំឱ្យដូចបងៗ គាត់ថាទឹកមួយដបញ៉ាំពីរថ្ងៃ ធ្វើម៉េចឱ្យតែសើមក បាទមានតែប៉ុណ្ណឹងទេ ហើយខ្ញុំនិយាយហើយ គិតមើលផង គិតមើល គិតមើលឱ្យច្បាស់….» ដោយមានភ្ជាប់ជាមួយរូបថតថ្នាក់ដឹកនាំ។
ក្រោយពីបានពិនិត្យភស្តុតាង តំណាងអយ្យការបានពិនិត្យឃើញថាសំណេរនៅក្នុងហ្វេសបុក រួមជាមួយពាក្យសម្តី ដែលបាននិយាយនៅក្នុងវីដេអូ ជាទង្វើដដែលៗ មិនរាងចាលនេះបង្ហាញថាទង្វើរបស់ជនសង្ស័យមានចេតនាចូលរួមធ្វើឱ្យខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឱ្យមានបទល្មើស។
ក្រោយពិនិត្យភស្តុតាងខាងលើ តំណាងអយ្យការបានសម្រេច ចោទប្រកាន់លើជនសង្ស័យឈ្មោះ លួត សុផល ពីបទ៖ «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តក្នុងបណ្តាញសង្គមហ្វេសបុក (FACEBOOK) តាមវីដេអូដែលថតចេញពីចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបញ្ញត្តិនៃមាត្រា ៤៧២ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ៖ គ្រប់អ្នកបណ្តាញសង្គម សារព័ត៌មាន ជាដើម មុននឹងបង្ហោះ ត្រូវធ្វើការថ្លឹងថ្លែងពិចារណា ស្វែងយល់ការពិត ជៀសវាងការបញ្ចេញបញ្ចូល តាមអារម្មណ៍ អាចប្រឈមនឹងផ្លូវច្បាប់ ៕
ដោយ ៖ សិលា










