ប្រភពព័ត៌មានបានបង្ហាញថា យោធាសហរដ្ឋអាមេរិកបានបង្កើតសេណារីយ៉ូប្រតិបត្តិការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលអាចកំណត់គោលដៅទៅលើទីតាំងសន្តិសុខអ៊ីរ៉ង់ ដែលបង្កើនការព្រួយបារម្ភអំពីប្រតិកម្មខ្សែសង្វាក់នៃការសងសឹក។
យោធាសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការធ្វើប្រតិបត្តិការយោធាដែលមានរយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យមានការវាយប្រហារ។
ព័ត៌មានដែលបានបង្ហាញដល់ Reuters ដោយមន្ត្រីអាមេរិកពីររូបបានបង្ហាញថា ជម្លោះដែលអាចកើតមាននេះអាចធ្ងន់ធ្ងរ និងមានទំហំធំជាងការប្រឈមមុខដាក់គ្នាពីមុនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក Reza Pahlavi ដែលជាកូនប្រុសរបស់អតីតស្តេច Shah និងជាឥស្សរជនប្រឆាំងអ៉ីរ៉ង់ដ៏លេចធ្លោ បានលើកឡើងថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៉ីរ៉ង់ អាចជួយសង្គ្រោះជីវិតមនុស្សបាន។ លោកក៏បានអំពាវនាវឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ កុំចំណាយពេលយូរពេកក្នុងការចរចាជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើយ។
លោក Pahlavi បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា មានសញ្ញាបង្ហាញថា រដ្ឋាភិបាលអ៉ីរ៉ង់កំពុងឈានទៅរកការដួលរលំ ហើយការវាយប្រហារ (យោធា) អាចធ្វើឱ្យរបបនេះចុះខ្សោយ ឬបង្កើនល្បឿននៃការដួលរលំកាន់តែឆាប់រហ័ស។ លោក Pahlavi បានថ្លែងដូចនេះ នៅក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច (Munich Security Conference) ដែលជាទីកន្លែងដែលមន្ត្រីរដ្ឋាភិបាលអ៉ីរ៉ង់ត្រូវបានហាមឃាត់មិនឱ្យចូលរួម។
លោក Pahlavi បានរស់នៅក្រៅប្រទេសអ៉ីរ៉ង់ តាំងពីមុនពេលបិតារបស់លោកត្រូវបានផ្តួលរំលំក្នុងបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩។ ក្រុមប្រឆាំងរដ្ឋាភិបាលអ៉ីរ៉ង់បច្ចុប្បន្ន ត្រូវបានបែងចែកជាក្រុមគូប្រជែង និងក្រុមមនោគមវិជ្ជាផ្សេងៗគ្នា រួមទាំងក្រុមរាជានិយមដែលគាំទ្រលោក Pahlavi ផងដែរ ប៉ុន្តែក្រុមទាំងនេះមានសកម្មភាពតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសអ៉ីរ៉ង់ផ្ទាល់។
គួរបញ្ជាក់ថា បាតុកម្មនៅអ៉ីរ៉ង់កាលពីខែមុន ដែលផ្តើមចេញពីការតវ៉ាតិចតួចក្នុងផ្សារ Grand Bazaar ជុំវិញបញ្ហាសេដ្ឋកិច្ច ហើយក្រោយមកបានរាលដាលពាសពេញប្រទេស បាននាំឱ្យមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរ ដោយមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើននាក់។ ប្រធានាធិបតី ដូណាល់ ត្រាំ កាលនោះបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចនឹងចូលជួយក្រុមបាតុករ ប្រសិនបើអាជ្ញាធរអ៉ីរ៉ង់មិនបញ្ឈប់ការសម្លាប់មនុស្ស។ ប៉ុន្តែក្រោយមក លោកបានបញ្ជាក់ថា អ៉ីរ៉ង់បានយល់ព្រមបញ្ឈប់ការប្រើហិង្សាលើបាតុករហើយ។
បច្ចុប្បន្ន រដ្ឋបាលលោក ត្រាំ ក៏កំពុងបន្តចរចាជាមួយអ៉ីរ៉ង់ ដើម្បីពិនិត្យមើលលទ្ធភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងបង្កើនកម្លាំងយោធានៅក្នុងតំបន់។ អ្នកការទូតអាមេរិក និងអ៉ីរ៉ង់ បានជួបពិភាក្សាគ្នានៅក្នុងប្រទេសអូម៉ង់កាលពីសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថា នឹងមានការពិភាក្សាបន្ថែមទៀតនៅសប្តាហ៍ខាងមុខនេះ៕









