ខេត្តមណ្ឌលគិរី÷ ស្វាយចន្ទី ជាប្រភេទដំណាំឲ្យផលក្នុង ១ឆ្នាំម្ដងនិងចាប់ផ្ដើមឲ្យផលចន្លោះពីខែមករា-កុម្ភៈ តាម តំបន់មួយចំនួន។ ដោយឡែកសម្រាប់ខេត្តមណ្ឌលគិរីវិញ កសិករចាប់ផ្ដើមមមាញឹកប្រមូលផលគ្រាប់ស្វាយចន្ទីនេះហើយ ស្របពេលតម្លៃខ្ពស់សមរម្យក្នុងតម្លៃ ៥ ៩០០ រៀល ក្នុង១ គីឡូក្រាមសម្រាប់ពូជ(M23) និងគ្រាប់តូច ៥២៥០រៀល ក្នុង១ គីឡូក្រាម។
អ្នកស្រី សេត សុខឡែន អាយុ៣៤ឆ្នាំ ជាអ្នកទិញគ្រាប់ ស្វាយចន្ទី មានទីតាំងទិញនៅភូមិស្រែខ្ទុំ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការប្រកបអាជីព ទិញគ្រាប់ស្វាយចន្ទីយកទៅលក់បន្តនេះ ដំណើរការជាង ៣ ឆ្នាំ មកហើយ។ ជាទម្លាប់រាល់ឆ្នាំ ប្រជាពលរដ្ឋដែលជាកសិករមានចម្ការស្វាយចន្ទីចាប់ផ្ដើមប្រមូលផលចាប់ពីចុងខែមករាទៅបណ្ដើៗ ហើយ ទាំងពូជស្វាយខ្មែរគ្រាប់តូច និងគ្រាប់ពូជ M២៣ ជាគ្រាប់ធំ ផងដែរ។
ក្នុងឱកាសកសិករប្រមូលផលនៅឆ្នាំនេះ អ្នកស្រី អាចប្រមូលទិញបានក្នុង១ ថ្ងៃ ចាប់ពី៥ដល់ ១០តោន ឡើងទៅ ដែលគ្រាប់តូចពូជខ្មែរតម្លៃ៥២៥០រៀលនិងសម្រាប់គ្រាប់ពូជធំ M២៣ គឺ១គីឡូក្រាមក្នុងតម្លៃ ៥៩០០រៀល និងយកទៅលក់បន្តឲ្យថៅកែធំនៅប្រទេសវៀតណាមតាមច្រកទ្វេភាគគីឡាប៉ាខេ ស្រុកកែវសីមា។
អ្នកស្រីបញ្ជាក់ថា សម្រាប់គ្រាប់ស្វាយចន្ទី មិនមានតម្លៃស្ថិតស្ថេរនោះទេ ពោលគឺតម្លៃអាចប្រែប្រួលតាមទីផ្សារជាក់ស្ដែង។ ជាមួយនេះ អ្នកស្រី រំពឹងថា ឆ្នាំនេះ កសិករអាចប្រមូលទិន្នផលបានច្រើនជាងឆ្នាំមុន ព្រោះអាកាសធាតុអំណោយផល ហើយតម្លៃក៏ល្អសមរម្យទៀត ដូច្នេះសម្រាប់ជម្រើសកសិករអាចយកមកលក់នៅទីតាំងអ្នកស្រីបាន ដែលទិញក្នុងតម្លៃខ្ពស់សមរម្យ តាមទីផ្សារជាក់ស្ដែងផងដែរ៕










