សង្រ្គាមឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានចាប់ផ្តើមលើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២១ថ្ងៃ (៧-២៧ ធ្នូ ២០២៥) បានបញ្ចប់ទៅហើយ ដោយបន្សល់ទុកនូវស្លាកស្នាមនៃសោកនាដកម្មដ៏ឃោរឃៅបំផុតមកលើកម្ពុជា។
ពិតមែនតែបច្ចុប្បន្ននេះមិនលឺសូរផ្ទុះអាវុធតទៅទៀត ប៉ុន្តែ ថៃនៅតែបន្តបង្កអំពើរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើនដោយការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។
ជាការពិតណាស់ នេះគឺជាទង្វើបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។
សាធារណជនជ្រាបហើយថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់មួយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាមួយភាគីថៃ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនជនរួមជាតិ និងវីរយោធិន វីរនគរបាល របស់យើង បន្ទាប់ពីកងកម្លាំងថៃ បានប្រើវិធីសាស្រ្តធ្វើសង្គ្រាមឈ្លានពានដ៏ស្មោគគ្រោកបំផុត តាមរយៈការទំលាក់គ្រាប់បែក ការបាញ់ផ្លោង និងការប្រើប្រាស់ផ្សែងពុល ព្រមទាំងគ្រាប់បែកចង្កោម ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទីប្រជុំជន ផ្សារ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព ។ល។ រួមទាំងការប្រើប្រាស់សព្វាវុធមិនសមមាត្រទៀតផង។
ដោយមើលឃើញពីទុក្ខលំបាកនេះ ដោយជនស៊ីវិលបានស្លាប់ជាង ៣០នាក់ របួសជាង ១០០នាក់ រួមជាមួយជនភៀសសឹកប្រមាណជាង ៦៤ម៉ឺននាក់ ទើបរាជរដ្ឋាភិបាលជ្រើសវិធីសាស្រ្តបញ្ចប់សង្គ្រាម ដើម្បីបញ្ចៀសការបង្ហូរឈាមតទៅទៀត និងបន្តប្រើប្រាស់មធ្យោបាយការទូត និងយន្តការច្បាប់អន្តរជាតិ តាមរយៈការចេញលិខិតតវ៉ាជាបន្តបន្ទាប់របស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីតវ៉ាជាផ្លូវការចំពោះសកម្មភាពបំពានរបស់ថៃ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ការឈឺចាប់របស់ជនរួមជាតិពិតជាមានដ៏លើសលប់ ប៉ុន្តែ យើងជឿថាប្រមុខរាជរដ្ឋាភិបាលមានការឈឺចាប់ជាងយើងរាប់រយដង ក្នុងនាមជាអាណាព្យាបាល តាមរយៈសកម្មភាពថ្មីៗ របស់កម្លាំងឈ្លានពានថៃនៅលើដែនអធិបតេយ្យភាពរបស់យើង។
នៅក្នុងអំឡុងពេលនេះ ជនរួមជាតិគួរយល់ថា វិធីសាស្រ្តការទូត និងមធ្យោបាយច្បាប់ ត្រូវប្រើពេលវេលាមួយ ដូចជាពេលដែលតុលាការយុត្តិធម៌អន្តរជាតិ ដោះស្រាយបណ្តឹងរបស់កម្ពុជាចំពោះប្រាសាទព្រះវិហារ ដោយរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវចំណាយពេលបីឆ្នាំ គឺពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ដូច្នេះយើង គួរតែព្យាយាមអត់ធ្មត់ ហើយរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទនៃសង្គ្រាមឈ្លានពានរបស់ថៃដោយយើងសង្ឃឹមថានឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាថ្មី ដូចបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ កាលពីសម័យមុន។
ការរស់នៅក្នុងប្រក្រតីភាពថ្មី នេះ គឺមានន័យថា យើងឈឺចាប់នូវអំពើឈ្លានពានរបស់ថៃ យើងឈឺចាប់នូវការប្រមាថរបស់ថៃ។ ដូច្នេះយើងត្រូវប្រើការឈឺចាប់នេះ យើងត្រូវប្រើការប្រមាថនេះ មកជាការបន្តរួបរួមកម្លាំងសាមគ្គីជាតិ រួមគ្នាជឿជាក់លើរាជរដ្ឋាភិបាលបន្តទៀត ហើយសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ អាជីវករ លក់ដូរជាធម្មតា មន្ត្រីរាជការ ខិតខំធ្វើការ គ្រូពេទ្យបន្តព្យាបាលអ្នកជំងឺ កសិករ និងអ្នកចម្ការ ខិតខំដាំដុះ និងប្រមូលផល ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិយើង ធ្វើឱ្យទីផ្សារដំណើរការជាប្រក្រតី។ សូមកុំឱ្យការឈឺចាប់ ក្លាយជាការអស់សង្ឃឹម សូមរួមគ្នាដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍ និងសេដ្ឋកិច្ចរីកចម្រើន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលនឹងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
សាធារណជន ពិតជាចាំច្បាស់នូវប្រសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថា៖ “ព្រំដែនរវាងកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុដូចនេះ កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង”។
បន្ថែមពីលើនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ពីការងារអាទិភាពដ៏ធំបំផុតរបស់រាជរដ្ឋាភិបាលផងដែរ នោះគឺ “បូរណភាពទឹកដី និងប្រជាពលរដ្ឋ”។ ហេតុដូច្នេះហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហាន គឺជាការសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែង ការទទួលខុសត្រូវ និងមានការវាយតម្លៃច្បាស់លាស់ ដើម្បីឧត្តមប្រយោជន៍ជាតិ ដែនអធិបតេយ្យភាព និងប្រជាជន។
សរុបទៅ នៅក្នុងបរិបទនៃការឈ្លានពានរបស់ថៃនេះ បើទោះជាមិនលឺសម្លេងផ្ទុះអាវុធ តែសកម្មភាពបំពាននៅតែមាន ដូច្នេះយើងទាំងអស់គ្នាត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើយុទ្ធសាស្រ្តដឹកនាំរបស់សម្តេចធិបតី និងថ្នាក់ដឹកនាំដទៃទៀត និងរួមសាគ្គីគ្នាជាបេះដូងខ្មែរតែមួយ ហើយកែប្រែការឈឺចាប់ មកជាការខិតខំទាំងអស់គ្នាវិញ។
ជាការពិតណាស់ សុភាសិតមួយនិយាយថា សាមគ្គីគឺជាកម្លាំង។ បើយើងសាមគ្គី យើងនឹងរស់ បើយើងបែកបាក់សាមគ្គី យើងនឹងស្លាប់៕
ប្រភព AKP










