អាជ្ញាធរទួរគីបានឃាត់ខ្លួនមនុស្ស ៣២ នាក់ រួមទាំងអ្នកដឹកនាំក្លឹបបាល់ទាត់ នៅថ្ងៃសុក្រ ក្នុងបរិបទស៊ើបអង្កេតកាន់តែធំឡើងអំពីការរៀបចំលទ្ធផលប្រកួត និងការភ្នាល់ខុសច្បាប់ក្នុងលីគបាល់ទាត់អាជីពរបស់ប្រទេស នេះបើយោងតាមការិយាល័យអយ្យការនៅទីក្រុង Istanbul។
ការិយាល័យអយ្យការបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណថា បានដាក់ភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុមរបស់ខ្លួនផ្ទាល់ រួមទាំងការភ្នាល់លើក្រុមគូប្រកួតក្នុងការប្រកួតផ្លូវការ។
ប៉ូលិសបានអនុវត្តប្រតិបត្តិការនៅខេត្តចំនួន ១០ ដើម្បីចាប់ខ្លួនជនសង្ស័យទាំងនេះ ហើយកំពុងបន្តស្វែងរកជនសង្ស័យម្នាក់ទៀតដែលនៅសល់។
ការិយាល័យអយ្យការមិនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យ ឬឈ្មោះក្លឹបដែលពួកគេសម្ព័ន្ធនោះទេ។
អាជ្ញាធរទួរគីកំពុងបន្តការស៊ើបអង្កេត និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការភ្នាល់ខុសច្បាប់ និងការរៀបចំលទ្ធផលប្រកួត ក្នុងលីគបាល់ទាត់អាជីពរបស់ប្រទេស រួមទាំងលីគកំពូល Super Lig ផងដែរ។
សហព័ន្ធបាល់ទាត់ទួរគីក៏បានផ្អាកការងារអាជ្ញាកណ្តាល និងជំនួយការ ១៤៩ នាក់ ពាក់ព័ន្ធនឹងការភ្នាល់លើការប្រកួត ខណៈមនុស្សជាច្រើនផ្សេងទៀត រួមទាំងប្រធានក្លឹប កីឡាករកម្រិតកំពូល និងអ្នកវិភាគកីឡា ត្រូវបានឃាត់ខ្លួន ឬចាប់ខ្លួនក្នុងដំណើរការស៊ើបអង្កេតនេះ៕










