ក្រុមហ៊ុន Tesla បានបង្ហាញម៉ូដែល Cybertruck ថ្មីមានតម្លៃទាបជាងមុននៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ និងកាត់បន្ថយតម្លៃម៉ូដែលថ្លៃបំផុត Cyberbeast ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះកំពុងប្រឈមបញ្ហាការខ្វះអ្នកទិញរថយន្ត Pickup របស់ខ្លួន។
Tesla បានកំណត់តម្លៃម៉ូដែលថ្មី dual-motor all-wheel-drive ចំនួន 59,990 ដុល្លារ ដែលធ្វើឱ្យវាក្លាយជាម៉ូដែល Cybertruck “មានតម្លៃសមរម្យបំផុត” រហូតមកទល់ពេលនេះ។
ខណៈម៉ូដែល Cyberbeast ត្រូវបានកាត់តម្លៃចុះមកនៅ 99,990 ដុល្លារ ពីតម្លៃដើម 114,990 ដុល្លារ។
ការធ្លាក់ចុះនៃតម្រូវការ
ការកាត់បន្ថយតម្លៃបានក្លាយជាយុទ្ធសាស្ត្រសំខាន់របស់ Tesla សម្រាប់ឆ្នាំ 2026 ដើម្បីទាក់ទាញអ្នកទិញដែលយកចិត្តទុកដាក់លើតម្លៃ ដោយមិនចាំបាច់រង់ចាំម៉ូដែលថ្មីតម្លៃទាប។
ទីផ្សាររថយន្តអគ្គិសនីទូទៅបានថយចុះតាំងពីខែកញ្ញា បន្ទាប់ពីរដ្ឋបាល Donald Trump បញ្ចប់ការផ្តល់ជូនជំនួយពន្ធសហព័ន្ធ 7,500 ដុល្លារ។
Tesla ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារពិភពលោកផងដែរ។
អ្នកវិភាគបានព្រមានថា ការលក់ម៉ូដែលតម្លៃទាបកាន់តែច្រើន អាចបង្កសម្ពាធលើប្រាក់ចំណេញ លុះត្រាតែក្រុមហ៊ុនអាចកាត់បន្ថយថ្លៃផលិតកម្ម ឬបង្កើនប្រាក់ចំណូលពីសូហ្វវែរ និងសេវាកម្ម។
នាយកប្រតិបត្តិ Tesla លោក Elon Musk បាននិយាយកាលពីខែមុនថា ក្រុមហ៊ុននឹងបញ្ឈប់ផលិត SUV Model X និងរថយន្តសេដាន Model S ហើយប្រើប្រាស់ទីធ្លារោងចក្រនៅ California ដើម្បីផលិតមនុស្សយន្តរាងមនុស្សវិញ៕










