រដ្ឋបាលខេត្តស្វាយរៀង បញ្ចប់វិវាទការងារនៅការដ្ឋានសំណង់អគារ ហ័រ ឆឹង ប្រកបដោយជោគជ័យ “កម្មករទទួលបានប្រាក់ឈ្នួលគ្រប់ៗគ្នា ក្រោមយន្តការ ឈ្នះ-ឈ្នះ”

ចែករំលែក៖

ខេត្តស្វាយរៀង: រដ្ឋបាលខេត្តស្វាយរៀង បញ្ចប់វិវាទការងារនៅការដ្ឋានសំណង់អគារ ហ័រ ឆឹង ប្រកបដោយជោគជ័យ “កម្មករទទួលបានប្រាក់ឈ្នួលគ្រប់ៗគ្នា ក្រោមយន្តការ ឈ្នះ-ឈ្នះ”។

ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត បានចុះអន្តរាគមន៍ ដើម្បីសម្របសម្រួលដោះស្រាយ និងសង្គ្រោះផលប្រយោជន៍បងប្អូនកម្មករ។ កិច្ចអន្តរាគមន៍នេះមានការចូលរួម សហការពី លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក នួន សំបូរ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ វិវាទនេះបានកើតឡើង បន្ទាប់ពីអ្នកម៉ៅការសំណង់នៃក្រុមហ៊ុន វិស្វកម្មសំណង់ SHUANG ZHOU ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញដែល បណ្តាលឱ្យមានការកកស្ទះប្រាក់ឈ្នួលរបស់បងប្អូនកម្មករជាច្រើននាក់។

ក្នុងឱកាសចុះដោះស្រាយផ្ទាល់ លោក ម៉ែន អេង អភិបាលរងខេត្ត បានសង្កត់ធ្ងន់ពីជំហរយ៉ាងម៉ឺងម៉ាត់ របស់ រដ្ឋបាលខេត្តក្នុងការគាំពារសិទ្ធិពលរដ្ឋថា “រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនទុកឱ្យបងប្អូនកម្មកររងគ្រោះដោយអយុត្តិធម៌នោះឡើយ។ ការការពារ ផលប្រយោជន៍ បញ្ហាក្រពះ និងឆ្នាំងបាយរបស់បងប្អូនកម្មករ គឺជាអាទិភាពចម្បងរបស់យើង។ ទោះបីអ្នកម៉ៅការមិននៅ ក៏យើងត្រូវស្វែងរកគ្រប់មធ្យោបាយ និងយន្តការច្បាប់ ដើម្បីធានាថា រាល់ញើសឈាមរបស់បងប្អូនត្រូវបានទូទាត់ ត្រឡប់ទៅវិញយ៉ាងត្រឹមត្រូវបំផុត”។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងដើម្បីការពារផលប្រយោជន៍បងប្អូនកម្មករជាចម្បង ក្រុមការងារបានសម្រេចប្រើប្រាស់វិធានការចុងក្រោយ គឺការឡៃឡុងលក់សម្ភារៈសំណង់ដែលនៅសេសសល់ក្នុងការដ្ឋាន ដើម្បីប្រមូលថវិកាមកទូទាត់ថ្លៃកម្លាំងពលកម្មជូនបងប្អូនកម្មករឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា ដែលធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់អាចទទួលយកបាន។

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអស់រយៈពេល ៤ថ្ងៃ វិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយទទួលបានលទ្ធផល “ឈ្នះ-ឈ្នះ”។  បងប្អូនកម្មករសំណង់ទាំងអស់បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា ខណៈដែលពួកគេម្នាក់ៗទទួលបានប្រាក់ឈ្នួលដែលកកស្ទះនោះនៅក្នុងដៃ។

 បងប្អូនកម្មករបានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង ដែលបានយកចិត្ត ទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ដោយមិនឱ្យនរណាម្នាក់រងគ្រោះ ដោយឯកោនោះឡើយ។

កិច្ចអន្តរាគមន៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការដោះស្រាយបញ្ហាជាក់ស្តែងនៅមូលដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តខ្ពស់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print