ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ។
លោក ហួត ហាក់ លើកឡើងបែបនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table ជាមួយ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
គម្រោងនេះមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ដែលជាតំបន់ដែលមានសក្តានុពលធម្មជាតិខ្ពស់។ Toeksab Nature Table ត្រូវបានរៀបចំឡើងជា «រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ផែបណ្តែតទឹក» ដែលរួមមាន សកម្មភាពកម្សាន្ត កីឡាលើទឹកយ៉ាងសម្បូរបែប និងការជិះទូកកម្សាន្តគយគន់ទេសភាពព្រៃកោងកាងតាមបណ្តោយព្រែកទឹកសាប, ការលើកកម្ពស់សោភ័ណភាពធម្មជាតិក្នុងតំបន់ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានការបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសគឺ «អាហារសុខភាព» និងអាហារបែបអឺរ៉ុប ដែលចម្អិនពីគ្រឿងផ្សំធម្មជាតិស្រស់ៗដោយចុងភៅជំនាញ។
តាមការបញ្ជាក់របស់ លោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Toeksab Nature Table បានឱ្យដឹងថា «គោលបំណងធំនៃគម្រោងនេះ គឺបង្កើតផលិតផលទេសចរណ៍ថ្មីប្លែក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់រាមកាន់តែច្រើន ក៏ដូចជាចូលរួមចំណែកជំរុញសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុទាំងមូល»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះវិស័យឯកជនដែលបានរៀបចំឲ្យមានកន្លែងកំសាន្ត ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត។ ហើយទាំងអស់នេះគឺជាការបំពេញបន្ថែមមួយក្រៅពីតំបន់ឆ្នេរកោះ ចំពោះទីតាំងដែលទើបបង្កើតកន្លែងកម្សាន្តថ្មីនេះ មានទាំងតំបន់អេកូទេសចរណ៍តាមដងព្រែក ដែលជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកជិះទូកលំហែកម្សាន្ត មានកន្លែងជិះកង់លើទឹកនៅតាមដងព្រែកមានម្ហូបអារហារឆ្ងាញ់ ដែលធ្វើឲ្យសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែសុំបបែបបន្ថែមទៀត។
លោកបានកោតសរសើរចំពោះវិស័យឯកជនដែលបានរៀបចំកែច្នៃប្រឌិតនៅតាមដងព្រែកក្លាយជាតំបន់កម្សាន្តទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅតំបន់ព្រែកទឹកសាប ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន តាមរយៈការអភិវឌ្ឍន៍ឥតឈប់ឈររបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។
មានប្រសាសន៍ឱកាសនោះដែរ លោក ម៉ាង ស៊ីណេត បានបញ្ជាក់បន្ថែមថា តំបន់ទេសចរណ៍ថ្មីនេះគឺជាកន្លែងទេសចរណ៍ថ្មីមួយទៀតសម្រាប់ភូមិសាស្ត្រនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុដែលជាកន្លែងមានទេសភាពស្រស់បំព្រង មានព្រែក ព្រៃកោងកាងហើយក៏ជាកន្លែងលំហែកាយរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរដ៏មានប្រជាប្រិយភាព។
ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរទាំងក្នុងខេត្តនិងបណ្ដារាជធានីខេត្តទូទាំងប្រទេស មកសម្រាកលំហែកម្សាន្តនៅខេត្តព្រះសីហនុជាមួយនឹងតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនដូចជាតំបន់ឆ្នេរ ដីគោក ដីកោះ ធនធានបាតសមុទ្រ តំបន់ទឹកធ្លាក់និងតំបន់ឧទ្យានជាតិទាំងរដ្ឋនិងវិស័យឯកជនបាននិងកំពុងរៀបចំបង្កើតឡើងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តខេត្តកាន់តែច្រើនថែមទៀត។
ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំនាពេលនេះ បង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជនដែលបានវិនិយោគលើវិស័យទេសចរណ៍បៃតង។ គម្រោងនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀតក្នុងខេត្តព្រះសីហនុ ដែលមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ល្អៗ និងការអភិរក្សបរិស្ថានផងដែរ៕
ដោយ៖តារា










