ខេត្តបាត់ដំបង ៖ ផ្ដើមចេញពីគំនុំស្នេហា «ស្រីស្នេហ៍» នៃពួកក្មេងទំនើងរហូតចងជាគំនុំតាមសងសឹកស៊ីសាច់ហុតឈាម ដេញកាប់គ្នាយ៉ាងសាហាវ នាកណ្ដាលរាត្រីនៃបេះដូងក្រុងបាត់ដំបង តែចុងក្រោយត្រូវកម្លាំងអធិការក្រុង តាមចាប់ខ្លួនបានបក្សពួកភាគីម្ខាងបានចំនួន០៤នាក់ កាលពីរសៀលថ្ងៃទី២៣ កុម្ភៈ នៅសល់រាប់សិបនាក់ទៀត កំពុងសំងំលាក់ខ្លួន ។
អធិការក្រុងបាត់ដំបង លោកពេជ្រ សារ៉ែន បានឲ្យដឹងថា អំពើហិង្សាដែលពួកក្មេងអន្ធពាល២ក្រុមដេញកាប់ ដេញវាយគ្នានេះ បានកើតឡើង នៅម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ កុម្ភៈ នៅលើផ្លូវខាងមុខសួនច្បារសម្ដេចក្រឡាហោម ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលភាគីម្ខាងៗមានបក្ស ពួករហូតជាង១០នាក់ឯណោះ ។
លោកថា ពួកគេប្រើកាំបិតឬដាវ និងដុំថ្មឬដំបង ជិះម៉ូតូប្រដេញកាប់ដេញគប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលអ្នកលក់ដូរពេលយប់ ។ ប៉ុន្តែក្រោយពីទទួលបានព័ត៌មាននេះ នៅរសៀលថ្ងៃដដែល កម្លាំងជំនាញបានចុះសួរនាំ និងស្រាវជ្រាវរហូតតាមឃាត់ខ្លួនភាគីម្ខាងបានចំនួន០៤នាក់ ហើយនៅសល់រាប់សិបនាក់ទៀតកំពុងលាក់ខ្លួន ។
ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៤នាក់រួមមាន៖ ១-ឈ្មោះ ង៉ែត មិនា អាយុ១៦ឆ្នាំ នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ២-ឈ្មោះ ជឹម ណាវីន ហៅញ៉ែប អាយុ១៦ឆ្នាំ នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ៣-ឈ្មោះ លីន វិច្ឆិកា អាយុ១៧ឆ្ន នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និង៤-ឈ្មោះ នឿត វិសាល អាយុ១៣ឆ្នាំ នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ប៉ុន្តែក្មេងមិនទាន់ជ្រុះអាចម៏ក្របីពីក្បាលម្នាក់នេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយសារជាអានីតិជន (នឿត វិសាល) ។
បើតាមសមត្ថកិច្ច ជនអន្ធពាលទាំង០៤នាក់ដែលត្រូវក្របួចជាប់នេះ ស្ថិតក្នុងភាគីម្ខាង(ក្រុមទី១) ដែលមានបក្សពួកមិនតិចជាង១០នាក់ឡើយ ។ រីឯភាគីម្ខាងទៀត(ក្រុមទី២) ដែលកំពុងរត់គេចខ្លួន ក៏មានបក្សពួកមិនតិចដែរ ។ បើតាមសាក្សីបានបំភ្លឺប្រាប់សមត្ថកិច្ច ក្រុមទី២នេះ មានគ្នីគ្នាយ៉ាងតិច២០នាក់ ។ ក្រុមនេះ ជិះម៉ូតូប្រហែល១០គ្រឿងយ៉ាងប្រសេកប្រសាចទៅដេញកាប់ដេញគប់ក្រុមទី១ នៅកន្លែងលក់មីឆា ខាងមុខសួនច្បារសម្ដេចក្រឡាហោម ។
តាមចម្លើយសារភាព ជនអន្ធពាលចំនួន០៤នាក់ ដែលសមត្ថកិច្ចតាមអូសកបានដល់ៗផ្ទះ ពួកគេបានប្រាប់សមត្ថកិច្ចថា សង្គ្រាមរបស់ពួកគេ បានផ្ដើមចេញពីរឿង «ស្នេហាដណ្ដើមស្រីគ្នា» ដែលបានកើកឡើងយូរដែរហើយ ។ ពួកគេនិយាយថា រឿងដណ្ដើមស្រីញីគ្នានេះ មិនដាច់ស្រេច រហូតក្លាយជាគំនុំតាមសងសឹកមិនចេះចប់វាងពួកគេ (ក្រុមទី១) ជាមួយនឹងភាគីម្ខាងទៀត (ក្រុមទី២)។ ប៉ុន្តែនៅយប់កើតហេតុនេះ បើតាមក្រុមទី១នេះ បានទទួលស្គាល់ថា ពួកខ្លួនពិតជាបាននាំគ្នាជិះម៉ូតូទៅគប់ក្រុមទី២មុន ពេលនឹកឃើញគំនុំចាស់ ។
លុះពួកខ្លួនជិះដកថយត្រឡប់មកអង្គុយជុំគ្នា នៅម្ដុំគេលក់មីឆាខាងលើ (ចំណុចចម្បាំងគ្នា) ស្រាប់តែបន្តិចក្រោយមក ក្រុមទី២ បាននាំគ្នាជិះម៉ូតូមកទាំងហ្វូង ខ្លះដំបង ខ្លះកាំបិត ខ្លះដាវ បានចុះមកដេញកាប់ក្រុមខ្លួនវិញ ផ្អើលរត់ចែកជើងគ្នាទាំងកណ្ដាលយប់ ហើយពួកក្រុមនោះ ក៏ជិះរត់បាត់អស់ទៅ ។
លោក ពេជ្រ សារ៉ែន បានបញ្ជាក់ដែរថា បើតាមការសាក សួរ ក្រុមក្មេងទំនើងទាំងក្រុមដែលច្បាំងគ្នាផ្អើលក្រុងទាំងកណ្ដាលអធ្រាត្រនេះ ភាគីម្ខាងៗមានគ្នា ច្រើន ។ ប៉ុន្តែក្រោយកើតហេតុ លោកស្នងការបានចេញបញ្ជាភ្លាមៗឲ្យកម្លាំងជំនាញរបស់លោកសហការជាមួយការិយាល័យជំនាញ និងកម្លាំងតាមបណ្ដាស្រុកពាក់ព័ន្ធធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនភាគីម្ខាងបានចំនួន០៤នាក់ តែមានម្នាក់ស្ថិតក្នុងវ័យអានីតិជន ត្រូវបានដោះលែងវិញជាបណ្ដោះអាសន្នក្រោយសួរនាំ ហើយនៅសល់០៣នាក់ ត្រូវលោកស្នងការខេត្តបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ ។ ចំពោះក្រុមក្មេងអន្ធពាលដែលនៅសល់រាប់សិបនាក់ទៀតនៃភាគីទាំង០២ ដែលកំពុងរត់គេចខ្លួន មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធី ។
លោក ពេជ្រ សារ៉ែន បានបញ្ជាក់បន្ថែមថា ពួកក្មេងទំនើងទាំង០២ក្រុម ដែលដេញច្បាំងគ្នាកក្រើកក្រុងបាត់ដំបងកណ្ដាលអធ្រាត្រនេះ សុទ្ធតែក្រុមជនល្មើសគ្មានក្រុមណាមួយត្រូវចាត់ទុកជាភាគីរងគ្រោះថ្នាក់ទេ ដូច្នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំងអស់នៅពេលឃាត់ខ្លួនបាន ៕










