នាង Lisa Liu មកពីទីក្រុង Heze ប្រទេសចិន បានលាឈប់ពីការងារជាគ្រូបង្រៀន ហើយចូលទៅវិស័យនាំចេញមឈូស ដែលបច្ចុប្បន្ននាងរកចំណូលបានជិត 40 លានយ័ន (ប្រហែល 6 លានដុល្លារ) ក្នុងមួយឆ្នាំ។
ការស្លាប់តែងតែត្រូវបានគេចាត់ទុកថាជាប្រធានបទមិនល្អ និងជាអបិយជំនឿក្នុងប្រទេសចិន។ ទោះជាយ៉ាងណា នៅទីក្រុង Heze ខេត្ត Shandong វិស័យផលិតមឈូសកំពុងរីកចម្រើនយ៉ាងលឿន ដោយសារតំបន់នេះមានឈើទម្ងន់ស្រាលសម្បូរបែប។
Lisa អាយុ 29 ឆ្នាំ បានលាឈប់ពីការងារក្នុងខែកក្កដា ឆ្នាំ 2023 ដោយសារតែភាពនឿយហត់ពីសម្ពាធការងារ នេះបើយោងតាមទស្សនាវដ្តី Personage។ ការសម្ភាសន៍ដោយចៃដន្យមួយ បន្ទាប់មកបាននាំឲ្យនាងស្គាល់វិស័យសេវាកម្មពិធីបុណ្យសព ដែលជាវិស័យដែលនាងមិនធ្លាប់មានបទពិសោធន៍ពីមុនឡើយ។
ម្ចាស់អាជីវកម្មម្នាក់បាននាំនាងទៅមើលរោងចក្រផលិតមឈូសមួយក្នុងតំបន់ និងពន្យល់អំពីដំណើរការផលិតទាំងមូល ចាប់ពីការកាត់ និងឆ្លាក់ឈើ រហូតដល់ការប្រមូលផ្តុំ។ នាងបាននិយាយថា កម្មករនៅទីនោះមើលមឈូសជាផលិតផលឈើធម្មតា ហើយខ្លះក៏ប្រើធុងដាក់អដ្ឋិធាតុទទេ ដើម្បីទុកសម្ភារៈនៅផ្ទះផងដែរ។
នាងបាននិយាយថា បទពិសោធន៍នេះបានជួយឲ្យនាងលុបបំបាត់អបិយជំនឿរបស់ខ្លួនបន្តិចម្តងៗ អំពីការមើលមឈូសថាជារឿង “មិនល្អ”។
សារព័ត៌មាន South China Morning Post បានរាយការណ៍ថា មឈូសដែលនាំចេញទៅប្រទេសអ៊ីតាលី មានលក្ខណៈខុសពីមឈូសធ្ងន់ និងពណ៌ខ្មៅដែលប្រើជាទូទៅនៅចិន។ មឈូសសម្រាប់អ៊ីតាលីមានទម្ងន់ស្រាល និងមានការឆ្លាក់បែបសាសនា។ នៅចិន ការបូជាសពជាទូទៅធ្វើតែសាកសពប៉ុណ្ណោះ ខណៈនៅអ៊ីតាលី សាកសព និងមឈូសត្រូវបានបូជារួមគ្នា។
រោងចក្រដែលនាងធ្វើការនាំចេញមឈូសប្រហែល 40,000 ឈុតក្នុងមួយឆ្នាំ ទៅអឺរ៉ុប ជាពិសេសប្រទេសអ៊ីតាលី បង្កើតប្រាក់ចំណូលជិត 40 លានយ័ន។
ទោះបីមានការផ្លាស់ប្តូរគោលនយោបាយនៅសហភាពអឺរ៉ុប និងថ្លៃដឹកជញ្ជូនកើនឡើងក៏ដោយ នាងបាននិយាយថា នាងនៅតែមានទស្សនវិស័យវិជ្ជមានចំពោះអនាគតវិស័យផលិតមឈូសនៅ Heze។
Lisa បាននិយាយថា៖«មនុស្សស្លាប់រាល់ថ្ងៃ ហើយគ្រប់គ្នាចុងក្រោយត្រូវការមឈូសមួយ»៕










