Messi សារភាពថា គាត់ “សោកស្តាយយ៉ាងខ្លាំង” ដែលមិនបានរៀនភាសាអង់គ្លេសតាំងពីក្មេង

ចែករំលែក៖

កីឡាករ Lionel Messi បានសារភាពថា គាត់សោកស្តាយដែលមិនបានរៀនភាសាអង់គ្លេសតាំងពីកុមារភាព បើទោះបីជាគាត់មានអាជីពជោគជ័យខ្លាំងក្លាក៏ដោយ។

 

Messi ត្រូវបានគេរាប់បញ្ចូលថាជាកីឡាករម្នាក់ដែលមានអាជីពជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយធ្លាប់លេងឲ្យក្លិប FC Barcelona, Paris Saint-Germain និង Inter Miami CF ហើយឈ្នះពានរង្វាន់ Ballon d’Or ចំនួន 8 ដង ដែលជាកំណត់ត្រាមិនទាន់មានអ្នកបំបែកបាន។

 

ទោះបីជាទទួលបានជោគជ័យយ៉ាងច្រើន ក៏ម្ចាស់ពាន World Cup រូបនេះបានបង្ហាញថា គាត់សោកស្តាយដែលមិនបានរៀនភាសាអង់គ្លេស ដែលជាបញ្ហាដែលអ្នកគាំទ្រជាច្រើនធ្លាប់និយាយអំពីគាត់ក្នុងអាជីព។

 

នៅក្នុងផតកាស Miro de Atrás កីឡាករ Messi បាននិយាយអំពីរឿងការសិក្សារបស់ខ្លួន និងមេរៀនសំខាន់ដែលគាត់បង្រៀនកូនៗ។

គាត់បាននិយាយថា៖«ការមិនបានរៀនភាសាអង់គ្លេសតាំងពីក្មេង។ ខ្ញុំមានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សាភាសាអង់គ្លេសយ៉ាងហោចណាស់ ប៉ុន្តែខ្ញុំមិនបានធ្វើ។ ខ្ញុំសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំធ្លាប់ជួបស្ថានភាពដែលខ្ញុំនៅជាមួយមនុស្សល្បីៗ និងអស្ចារ្យជាច្រើន តែពេលចង់និយាយជជែក គឺមានអារម្មណ៍ដូចជាមិនសូវដឹងអ្វី។

ខ្ញុំតែងគិតថា ខ្ញុំល្ងង់ណាស់ ហេតុអ្វីខ្ញុំបាត់បង់ពេលវេលា?’ ពេលនៅក្មេង អ្នកមិនដឹងទេ។ ថ្ងៃនេះ ខ្ញុំប្រាប់កូនៗអំពីសារៈសំខាន់នៃការមានការអប់រំល្អ សិក្សា និងត្រៀមខ្លួនឲ្យរួចរាល់។

ខ្ញុំតែងប្រាប់កូនៗឲ្យប្រើប្រាស់ឱកាសឲ្យបានល្អ ព្រោះពួកគេមានស្ថានភាពខុសពីខ្ញុំ។»

 

Messi បានមកកាន់ក្លិប Barcelona ពីទីក្រុងកំណើត Rosario នៅអាយុ 13 ឆ្នាំ ហើយគាត់សារភាពថា ការសិក្សារបស់គាត់មិនមែនជាអ្វីដែលគួរឲ្យមោទនភាពឡើយ។

...

 

Messi ដែលបានចូលរួមជាមួយ Inter Miami ក្នុងឆ្នាំ 2023 បន្ទាប់ពីលេងពីរឆ្នាំនៅ Paris Saint-Germain បានបន្ថែមថា បាល់ទាត់បានផ្តល់មេរៀនជីវិតសំខាន់ៗជាច្រើនដល់គាត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print