សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែចាត់ទុកថា កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនជាសត្រូវចម្បងរបស់កូរ៉េខាងជើង។
ការកត់សម្គាល់បែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅថ្ងៃចុងក្រោយនៃមហាសន្និបាតគណបក្សពលករ ជាមួយការជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់ កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ។ ការលើកឡើងរបស់លោក គីមផងដែរ កើតមានឡើង ចំពេលមានការសង្ស័យថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រហែលជាអាចនឹងស្វែងរកការរៀបចំជំនួបក្រោមទម្រង់ណាមួយជាមួយលោក គីម ជុងអ៊ុន នាឱកាសដែលរូបលោកធ្វើទស្សនកិច្ចទៅកាន់ចិននៅខែមេសា ខាងមុខ។
KCNA បានដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគោរពឋានៈបច្ចុប្បន្ននៃប្រទេសរបស់យើង ដូចដែល មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ…ហើយលុបចោលគោលនយោបាយអរិភាព…នោះយើងគ្មានហេតុផលអ្វីដែលមិនអាចត្រូវគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក គីម ជុងអ៊ុនហាក់ដូចជាបិទផ្លូវស្ដារទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ដោយនៅតែប្រកាសថាទុកសេអ៊ូលគឺជាសត្រូវចម្បងរបស់ប្រទេស លោក។
កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០២៤ ដើម្បីចាត់ទុកកូរ៉េខាងត្បូងជារដ្ឋជាសត្រូវជាលើកដំបូង៕
រូបថត: KCNA










