សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា​ ប្រាប់ AFP ចង់បានព្រំដែនជាមួយថៃដែលកើតចេញពីការវាស់វែងផ្អែកលើ«ឯកសារ និងផែនទី»ដែលឯកភាពគ្នា ដើម្បីសន្តិភាពយូរអង្វែង

ចែករំលែក៖

ទីក្រុង​ព្រុចសែល៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃទី២៥ ខែកុម្ភៈថា៖​ កម្ពុជាចង់បានព្រំដែនជាមួយថៃ ដែលកើតចេញពីការវាស់វែងផ្អែកលើ«ឯកសារ និងផែនទី»ដែលឯកភាពគ្នា ដើម្បីសន្តិភាពយូរអង្វែង។ ទន្ទឹមនេះសម្តេចក៏បានបញ្ជាក់ដែរថា កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយថៃ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះ បានចោទប្រកាន់មកលើកម្ពុជាអំពីការរំលោភបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។

ថ្លែងប្រាប់ AFP ពីទីក្រុងព្រុចសែល ក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏កម្រនេះ សម្តេច ហ៊ុន ម៉ាណែត លើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះទេ។ យើងចង់បន្ធូរបន្ថយជម្លោះ។ យើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានបដិសេដការចោទប្រកាន់របស់ថៃ ថាកងកម្លាំងកម្ពុជា បានបាញ់គ្រាប់បែកដៃ នៅជិតក្រុមល្បាតថៃ កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការបាញ់តបវិញ។

តាមរយៈកិច្ចសម្ភាសនេះ សម្តេច ហ៊ុន ម៉ាណែត បានលាតត្រដាងប្រាប់ទៅ AFP ឲ្យបានដឹងថា យោធាថៃបានរំលោភកាន់កាប់លើទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលទីក្រុងបាងកកខ្លួនឯងអះអាងជា ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត។ នៅពេលសួរថា តើកងកម្លាំងកម្ពុជានឹងប្រយុទ្ធ ដើម្បីដណ្តើមយកទឹកដីដែលបាត់បង់មកវិញដែរឬទេ សម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបថា «យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយបន្ធូរបន្ថយភាពតានតឹង និងសន្តិភាព»។

...

ជាមួយគ្នានេះ កម្ពុជា បានស្នើសុំជំនួយពីបារាំង និងការផ្តល់ឯកសារប្រវត្តិសាស្ត្រ និងផែនទីនានា ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ហើយបានអំពាវនាវឱ្យគណៈកម្មការព្រំដែនរួមមួយ បន្តការងារលើបញ្ហានេះ។ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះលទ្ធផលនៃកិច្ចការងារនេះចេញមកបែបណាក៏ដោយ កម្ពុជានឹងព្រមទទួលយក ហើយសម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថាភាគីថៃនឹងព្រមទទួលយកដូចគ្នា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print