ភ្នំពេញ៖ កម្ពុជារកចំណូលបានជិត ២ លានដុល្លារ ពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ០,០៦% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។ នេះបេីយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ។
ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ កញ្ញា ពេជ្រ ចន្ទធឿន បានឱ្យដឹងនៅថ្ងៃព្រសហ្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦ ០០០ រៀល ($6.50) ក្នុងមួយគីឡូក្រាម ខណៈសហគមន៍ មានសមត្ថភាពផលិតម្រេចបានជាង ៤០០ តោន នៅឆ្នាំ ២០២៦។
ជាមួយគ្នានេះប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) លោក ម៉ាក់ នី បានមានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦០០០ រៀល ក្នុងមួយគីឡូក្រាម ពោលគឺមានភាពល្អប្រសើរដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។
ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាមានប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារ ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤។
ម្រេចកម្ពុជា មានភាពល្បីល្បាញ ដោយសារការដាំដុះធម្មជាតិ និងដីមានជីជាតិ ម្រេចរបស់កម្ពុជា ៨១% ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម គឺខេត្តរតនគិរី ១៥% ខេត្តមណ្ឌលគិរី ២១% និងខេត្តត្បូងឃ្មុំ ៤៥%។
ការនាំចេញម្រេចកម្ពុជា ទៅកាន់ពិភពលោកបានកើនឡើង ៣៧,៤៧% CAGR (២០២០-២០២៤) ជាមួយនឹង RCA ៥,០៦% ក្នុងឆ្នាំ ២០២៤ ដែលបង្ហាញពីភាពខ្លាំងឧត្តមភាពប្រៀបធៀបសម្រាប់ការនាំចេញ៕
ដោយ៖តារា










