ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានលើកឡើងបែបនេះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
នាឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានលេីកឡេីងពីបទបញ្ញាត្តិសំខាន់ៗ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យចូលរួមសហការជាមួយនឹងអាជ្ញាធរដែនដី ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។
ក្នុងនោះ លោកលេីកឡេីងថា «ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ»។
លោកអភិបាល ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា បេីម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។
លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត មានចំនួន ១២,២៤៩នាក់ ស្រី ៣,៦៩៤នាក់ ក្នុងនោះ ស្នាក់នៅរយៈពេលវែងមានចំនួន ៩,៤១១នាក់ ស្រី ២.៧៨២នាក់ មាន ៦៩សញ្ជាតិ, ស្នាក់នៅរយៈពេលខ្លីចំនួន ២,៨៣៨នាក់ ស្រី ៩០២នាក់ មាន៤៥សញ្ជាតិ៕
ដោយ៖តារា










