ភ្នំពេញ÷ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាលចំណែករថយន្តនិងម៉ូតូរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០ នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវ ១០៥k កែងនិងផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលគាត់ហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BP-5520 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្លងផ្លូវ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពាក់ស្លាកលេខភ្នំពេញ1BZ-6801 បើកបរដោយបុរសម្នាក់លើផ្លូវត្រង់ហើយចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីចំហៀងពីមុខផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតហើយអ្នកបើកបរម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីម៉ូតូបានចេញសំណងចំនួន ៣៥ ដុល្លារ ទៅឲ្យភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ÷ចន្ទ លីហ្សា










