លោកត្រាំថាមេដឹកនាំអ៊ីរ៉ង់៤៨នាក់ត្រូវបានសម្លាប់ហើយមេដឹកនាំថ្មីចង់ចរចា

ចែករំលែក៖

អាមេរិក : ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានFox News នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៦ថា មេដឹកនាំចំនួន៤៨នាក់ ត្រូវបានសម្លាប់ក្នុងពេលតែមួយ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយThe Atlanticនៅថ្ងៃអាទិត្យដែរ លោកត្រាំបាននិយាយថា លោកនឹងនិយាយជាមួយមេដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែមានភាពមិនច្បាស់លាស់ អំពី ពេលវេលា ហើយបានកត់សម្គាល់ថា ថ្នាក់ដឹកនាំភាគច្រើនរបស់ប្រទេសនេះ បានស្លាប់អស់ហើយ។ លោកត្រាំបាននិយាយនៅពេលដែលកងកម្លាំងអាមេរិក និងអ៊ីស្រាអែល បន្តធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទីពីរថា «ពួកគេចង់និយាយគ្នា ហើយខ្ញុំបានយល់ព្រមនិយាយគ្នា ដូច្នេះខ្ញុំនឹងនិយាយជាមួយពួកគេ។ ពួកគេគួរតែធ្វើវាឱ្យបានលឿនជាងនេះ»។

យ៉ាងណាមិញ លោកត្រាំមិនបានបញ្ជាក់ថា លោកសង្ឃឹមថានឹងនិយាយជាមួយអ្នកណា ឬពេលណានោះទេ ខណៈថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលធ្លាប់ចរចាជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចដទៃទៀត អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ភាគច្រើនបានស្លាប់អស់ហើយ។

ការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈឆ្នាំ២០២៦ ដោយបានសម្លាប់ទាំងមេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ិស្លាមលោក Ayatollah Ali Khamenei និងមន្រ្តីកំពូលៗជាច្រើននាក់។ លោកត្រាំថា នេះជាការវាយប្រហារដ៏ធំ ពួកគេគួរតែធ្វើកិច្ចព្រមព្រៀងឱ្យបានមុនមានការវាយប្រហារ ប៉ុន្តែថ្នាក់ដឹកនាំអ៊ីរ៉ង់សុខចិត្តជ្រើសរើសយកផ្លូវនេះដោយខ្លួនឯង៕

...

ដោយ : (VAYO )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print