ប្រទេសគុយវ៉ែត៖ ទីបញ្ជាការយោធាកណ្តាលសហរដ្ឋអាម៉េរិក នៅថ្ងៃទី ២ មីនានេះ បានចេញសារទទួលស្គាល់ពីការធ្លាក់ យន្តហោះចម្បាំង F-15 ចំនួន ៣គ្រឿង របស់សហរដ្ឋអាម៉េរិក ក្នុងប្រទេសគុយវ៉ែត ពេលចេញប្រតិបត្តិការវាយប្រហារប្រទេសអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងក្រោយពីមានលេចធ្លាយវីដេអូ បង្ហាញអំពី សកម្មភាពយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាម៉េរិក ធ្លាក់នៅជិតទីក្រុង នៃប្រទេសគុយវ៉ែត។
យោងតាមសេចក្តីបំភ្លឺនោះ ទីបញ្ជាការយោធាកណ្តាលសហរដ្ឋអាម៉េរិក គូសបញ្ជាក់ថា យន្តហោះចម្បាំង F-15 ចំនួន ៣គ្រឿង របស់សហរដ្ឋអាម៉េរិក ពិតជាបានធ្លាក់ពិតប្រាកដមែន ហើយការធ្លាក់នេះ គឺដោយសារតែឧបទ្ទវហេតុបាញ់គ្នាឯង ដោយអចេតនាពីប្រទេសគុយវ៉ែត។ តែយ៉ាងណា បើតាមទីបញ្ជាការយោធាកណ្តាលសហរដ្ឋអាម៉េរិក ការធ្លាក់យន្តហោះចម្បាំងនេះ មានអាកាសយានិកទាំង ៦រូប បានលោតចេញដោយសុវត្ថិភាព និង កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ។
គួរបញ្ជាក់ថា កូវ៉ែតបានទទួលស្គាល់កំហុសនេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ ខណៈវីដេអូបានបង្ហាញពីទិដ្ឋភាពយន្តហោះចម្បាំងអាមេរិកធ្លាក់ និងមនុស្សលោតឆ័ត្រយោង នៅតំបន់ Al Jahra របស់កូវ៉ែត។ នេះគឺជាការបាត់បង់យន្តហោះអាមេរិកលើកដំបូងបំផុត ចាប់តាំងពីសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដែលសរបញ្ជាក់ឱ្យឃើញពីការរីករាលដាលនៃជម្លោះយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ឈូងសមុទ្រ។ ស្របពេលជាមួយគ្នានេះ ការស្ទង់មតិបានបង្ហាញថា មានតែពលរដ្ឋអាមេរិក ១ភាគ៤ប៉ុណ្ណោះដែលគាំទ្រសង្គ្រាមនេះ ដោយសារបារម្ភពីសុវត្ថិភាពកងទ័ព ខណៈលោក ត្រាំ បានព្រមានពីលទ្ធភាពកើនឡើងនៃចំនួនទាហានស្លាប់ ក្នុងពេលដែលប្រតិបត្តិការនៅតែបន្ត៕ដោយ៖តារា










