លោកស្រី​ឯកអគ្គរដ្ឋទូតសិង្ហបុរី​ ចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦​ បានអនុញ្ញាតឱ្យលោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកស្រី​ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកស្រី​ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា។ 

លោកស្រី​ឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីមោទនភាពរបស់លោកជំទាវក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងជាផ្នែកមួយដែលបានឃើញនូវការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាមានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រមទាំងការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាដើម។ លោកស្រី​បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតផងដែរ។ 

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកស្រីឯកអគ្គរដ្ឋទូត TEO Lay Cheng ក្នុងការចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រីផងដែរ ដែលទទួលការតែងតាំងសម្រាប់ភារកិច្ចថ្មីរបស់លោកជំទាវ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សិង្ហបុរីក្នុងការគាំទ្រ និងជំរុញឱ្យមានបទឈប់បាញ់របស់វាងកម្ពុជា និងថៃ នាពេលកន្លងមក។ 

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ 

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីក៏បានជម្រាបជូនលោកជំទាវអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោកស្រី​ឯកអគ្គរដ្ឋទូតសង្ឃឹមថា បញ្ហានៃជម្លោះព្រំដែននេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print