រុស្ស៊ី និងចិនថ្កោលទោសការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងអំពាវនាវឲ្យមានបទឈប់បាញ់

ចែករំលែក៖

អន្តរជាតិ​៖​ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ និងសមភាគីចិន លោក Wang Yi កាលពីថ្ងៃអាទិត្យ (ទី១ ខែមីនា ឆ្នាំ២០២៦) បានថ្កោលទោសការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដោយអំពាវនាវឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ថ្នាក់ដឹកនាំទាំង២ ក្នុងអំឡុងពេលមានជំនួបតាមទូរស័ព្ទ បានអំពាវនាវឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ និងបានសង្កត់ធ្ងន់លើតម្រូវការឲ្យមានដំណោះស្រាយនយោបាយ និងការទូត ចំពោះបញ្ហាទាក់ទងនឹងអ៊ីរ៉ង់ ក្នុងនោះរួមទាំងការធានាផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រដ្ឋឈូងសមុទ្រទាំងអស់ផងដែរ។

លោក Lavrov និងលោក Wang បានគូសបញ្ជាក់ថា «ការឈ្លានពាន» ពីសំណាក់សហរដ្ឋអាមេរិក-អ៊ីស្រាអែល រំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់ទាំងមូលមិនមានស្ថិរភាព។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ឥស្សរជនជាន់ខ្ពស់ទាំង២ បានបដិសេធគោលនយោបាយដែលមានគោលបំណង «ផ្តួលរំលំអាជ្ញាធរដែលត្រូវបានជ្រើសរើសដោយស្របច្បាប់នៃរដ្ឋអធិបតេយ្យ» ដោយគូសបញ្ជាក់ពីការមានជំហររួមគ្នារបស់ទីក្រុងមូស្គូ និងប៉េកាំង ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ពួកលោកក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការធ្វើការរួមគ្នា ដើម្បីនាំឲ្យស្ថានការណ៍មានស្ថិរភាព ដោយសម្របសម្រួលវិធានាការ នៅឯក្រុមប្រឹក្សាសន្តិសុខ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ អង្គការសហប្រតិបត្តិការសៀងហៃ និងក្រុមប្រទេសមិត្តភក្តិ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print