ចាប់តាំងពីជម្លោះផ្ទុះឡើងមក យ៉ាងហោចណាស់មនុស្ស 787 នាក់ត្រូវបានសម្លាប់។ ការវាយប្រហារតាមអាកាសត្រូវបានគេជឿថាបានប៉ះពាល់ដល់ទីក្រុងចំនួន ១៥៣ ទីតាំងជាង ៥០០ ជាមួយនឹងការវាយប្រហារជាង ១០០០ ដង។ អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី ៣ ខែមីនាបានកត់ត្រាការផ្ទុះធំៗជាច្រើននៅទីក្រុងតេអេរ៉ង់ ក៏ដូចជានៅក្នុងទីក្រុងដទៃទៀតនៅទូទាំងប្រទេសអុីរ៉ង់។
* នៅថ្ងៃទី ៣ ខែមីនា នៅទីក្រុងញូវដេលី ក្រសួងការបរទេសឥណ្ឌាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអុីរ៉ង់ និងតំបន់ឈូងសមុទ្រ ជាពិសេសក្នុងអំឡុងពេលខែបរិសុទ្ធនៃបុណ្យរ៉ាម៉ាដាន។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស Randhir Jaiswal ប្រទេសឥណ្ឌាបានអំពាវនាវដល់គ្រប់ភាគីទាំងអស់តាំងពីដំបូងឱ្យអនុវត្តការអត់ធ្មត់ ជៀសវាងភាពតានតឹងកើនឡើង និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ជនស៊ីវិល។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កម្រិតនៃការប្រយុទ្ធគ្នាមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញសញ្ញានៃការរីករាលដាលដល់ប្រទេសដទៃទៀតនៅក្នុងតំបន់ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួស និងការខូចខាតបន្តកើនឡើង រំខានដល់ជីវិតប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ប្រទេសឥណ្ឌាសង្កត់ធ្ងន់ថា ខ្លួនមានផលប្រយោជន៍ផ្ទាល់ខ្លួនចំពោះសន្តិសុខ និងស្ថិរភាពនៃតំបន់ឈូងសមុទ្រ ជាកន្លែងដែលពលរដ្ឋឥណ្ឌាជិត ១០ លាននាក់រស់នៅនិងធ្វើការ។
បេសកកម្មការទូតរបស់ទីក្រុងញូវដេលីនៅក្នុងតំបន់រក្សាទំនាក់ទំនងជាប្រចាំជាមួយប្រជាពលរដ្ឋ ដោយផ្តល់ដំបូន្មាន និងជំនួយទាន់ពេលវេលាដល់អ្នកដែលរងផលប៉ះពាល់។
សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា ផ្លូវពាណិជ្ជកម្មនិងថាមពលដ៏សំខាន់របស់ឥណ្ឌាឆ្លងកាត់តំបន់នេះ ដូច្នេះការរំខានណាមួយអាចប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចក្នុងស្រុក។ រដ្ឋាភិបាលឥណ្ឌាបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនក្នុងការគាំទ្រការសន្ទនា និងការទូត។ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសបានធ្វើកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ហើយនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។
ទន្ទឹមនឹងនេះ យោធាអុីស្រាអែលបាននិយាយថា ខ្លួនកំពុងបង្កើតតំបន់ទ្រនាប់មួយនៅក្នុងប្រទេសលីបង់ ដោយអនុវត្តតាមការណែនាំពីរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Israel Katz។ យោងតាមអ្នកនាំពាក្យយោធា លោកស្រី Effie Defrin កងកម្លាំងអុីស្រាអែលបានគ្រប់គ្រងទីតាំងសំខាន់ៗជាច្រើន ដើម្បីញែកប្រជាជនចេញពីការគំរាមកំហែង។ នៅថ្ងៃដដែលនោះ មីស៊ីលនិងរ៉ុក្កែតដែលបាញ់ចេញពីអុីរ៉ង់ និងលីបង់ បានវាយប្រហារភាគកណ្តាលនិងភាគខាងជើងនៃប្រទេសអុីស្រាអែល ដែលបង្កឱ្យមានសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនៅក្នុងទីក្រុងធំៗដូចជា ទីក្រុង Tel Aviv និងទីក្រុង Jerusalem។ នៅ Upper Galilee ជិតព្រំដែនលីបង់ រ៉ុក្កែតដែលបាញ់ដោយក្រុម Hezbollah បានបំផ្លាញផ្ទះមួយខ្នងយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សម្នាក់រងរបួស៕ ដោយធីរីណា
រូបថត: TTXVN










