ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា «គម្រោងព្រែកជីកហ្វូណនតេជោ» កំពុងបោះជំហានទៅមុខ តាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ដូច្នេះ នាព្រឹកថ្ងៃទី៤ ខែមីនា ក្នុងបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅចំពោះមុខធុរជន និងពន្យល់ថា ពេលដែលគម្រោងនេះរួចរាល់ នឹងជួយឱ្យការដឹកទំនិញចេញពីកម្ពុជាមានភាពរលូនជាងមុន និងពឹងពាក់ប្រទេសទី៣ឡើយ។
នៅចំពោះមុខធុរជនទាំងជាតិ និងអន្តរជាតិ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«គម្រោងព្រែកជីកហ្វូណនតេជោកំពុងដំណើរការតាមការគ្រោងទុក ដែលការណ៍នេះអនុញ្ញាតឱ្យទំនិញនាំចេញពីកម្ពុជាមានច្រកទៅកាន់ផ្លូវសមុទ្រដោយផ្ទាល់ និងកាត់បន្ថយការពឹងផ្អែកលើការឆ្លងកាត់ប្រទេសទី៣។»។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ បច្ចុប្បន្ន គម្រោងព្រែកជីកហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ តាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ក្រោយចប់ការងារ គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៧០០ លានដុល្លារ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រសាងសង់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែងជាង១៨០គីឡូម៉ែត ឆ្លងកាត់ខេត្តកណ្តាល, តាកែវ,កំពត និងខេត្តកែប ដែលមានសមត្ថភាពអនុញ្ញាតឱ្យនាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT អាចធ្វើចរាចរណ៍ទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។
នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
គម្រោងព្រែកជីហ្វូណនតេជោ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយក្ដីរំពឹងទុកថា នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ៕
ដោយ៖តារា










