សម្ដេចធិបតី​ ហ៊ុន ម៉ាណែត៖ «គម្រោងព្រែកជីកហ្វូណនតេជោ» កំពុងបោះជំហានទៅមុខតាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា «គម្រោងព្រែកជីកហ្វូណនតេជោ» កំពុងបោះជំហានទៅមុខ តាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ។ សម្ដេចធិបតី​​ ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ដូច្នេះ នាព្រឹកថ្ងៃទី៤ ខែមីនា ក្នុងបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅចំពោះមុខធុរជន និងពន្យល់ថា ពេលដែលគម្រោងនេះរួចរាល់ នឹងជួយឱ្យការដឹកទំនិញចេញពីកម្ពុជាមានភាពរលូនជាងមុន និងពឹងពាក់ប្រទេសទី៣ឡើយ។

នៅចំពោះមុខធុរជនទាំងជាតិ និងអន្តរជាតិ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«គម្រោងព្រែកជីកហ្វូណនតេជោកំពុងដំណើរការតាមការគ្រោងទុក ដែលការណ៍នេះអនុញ្ញាតឱ្យទំនិញនាំចេញពីកម្ពុជា​មានច្រកទៅកាន់ផ្លូវសមុទ្រដោយផ្ទាល់ និងកាត់បន្ថយការពឹងផ្អែកលើការឆ្លងកាត់ប្រទេសទី៣។»។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ បច្ចុប្បន្ន គម្រោងព្រែកជីកហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ​ផលប៉ះពាល់​ប្រជា​ពលរដ្ឋ តាមយន្តការដោះស្រាយផល​ប៉ះពាល់​របស់​រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដោយមានការចូល​រួមពី​មន្ត្រី​បច្ចេក​ទេសក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ក្រោយចប់ការងារ គម្រោងព្រែកជីកហ្វូណនតេជោ ​ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៧០០ លានដុល្លារ នឹង​ចាប់ផ្ដើម​ដាក់គ្រឿងចក្រ​សាងសង់ជាផ្លូវការ​នៅពេល​ឆាប់ៗ​ខាង​មុខនេះ។

​គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែងជាង១៨០គីឡូម៉ែត ឆ្លងកាត់ខេត្តកណ្តាល, តាកែវ,កំពត និង​ខេត្តកែប ដែលមានសមត្ថភាពអនុញ្ញាតឱ្យនាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT អាចធ្វើចរាចរណ៍ទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែ​មុខមាត់​កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក។

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បាន​គ្រប់ជ្រុង​ជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយ​ចំនួននៅក្នុងប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និង​តម្លៃ​ដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូន​តាមប្រព័ន្ធ​ផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹក​ក្នុងប្រទេស​ទៅសមុទ្រ​ជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្ម​ប្រកប​ដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

...

គម្រោងព្រែកជីហ្វូណនតេជោ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយក្ដីរំពឹងទុកថា នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ​២០២៨ ខាងមុខ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print