ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិពីការទប់ស្កាត់ ឱ្យក្លា យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា ផ្តល់ជូននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន ដោយឈរលើស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខ័ណ្ឌគតិយុត្ត និងការកែទម្រង់ប្រកបដោយទស្សនៈវែងឆ្ងាយ ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតបរិយាកាសប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមានភាពអាចប៉ាន់ស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យផ្នែកយុត្ថាធិការ បង្កើតទំនុកចិត្ត សម្រាប់ជំនឿទុកចិត្ត និង ធានានូវនិរន្តរភាព អាជីវកម្មរយៈពេលវែង ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ស្របតាមការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិ ការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុចរិតភាព ក្នុងបរិយាកាសវិនយោគ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ ប្រចាំឆ្នាំដែលនឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត៕
ដោយ៖តារា










