ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នា២០១៦ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំត្រួតពិនិត្យការងារប្រមូលសំរាមនៅតាមបណ្ដាខណ្ឌទាំង០៨ ដែលបានចុះកិច្ចសន្យាលើកម្មវិធីប្រមូល និងសម្អាតសំរាមជាមួយក្រុមហ៊ុនស៊ិនទ្រីកន្លងទៅនេះ។
កិច្ចប្រជុំបានលើកឡើងពីបញ្ហាប្រឈមនៃការប្រមូលសំរាម ការបោសសម្អាតនៅតាមបណ្ដាសួនច្បារ សំណល់ដើមឈើ សំណល់សំរាមតាមការដ្ឋានសំណង់នានា ការប្រមូលសំរាមមានការយឺតយ៉ាវ ព្រមទាំងកិច្ចសហប្រតិបត្ដិការពីប្រជាជនតាមមូលដ្ឋានផងដែរ។ ក្នុងការអនុវត្ដកិច្ចព្រមព្រៀងកន្លងមកនេះ អាជ្ញាធរខណ្ឌ និងក្រុមហ៊ុនស៊ិនទ្រីត្រូវមានភារកិច្ចសហការល្អក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ និងកំណើនសំរាមដែលកំពុងកើនឡើងជាបន្តបន្ទាប់។
ការអប់រំផ្សព្វផ្សាយ និងវិធានការរដ្ឋបាលនានានឹងត្រូវអនុវត្ដ ដើម្បីឱ្យការទុកដាក់សំរាម ការវេចខ្ចប់ ការប្រមូល ការសម្អាត និងចាក់សំរាមនៅទីលានមានភាពវិជ្ជមាន៕
ដោយ សីលា