តុលាការ​ឃុំ​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធករណី​ឆបោក​ប្រាក់​ជិត​៧លាន​ដុល្លារ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានមុខរបរជាអ្នកលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដើម្បីស៊ើបអង្កេតករណីឆបោកប្រាក់ជិត៧លានដុល្លារអាមេរិក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសរូបនេះឈ្មោះ អឿ អឿន មានមុខរបរលក់ គ្រឿងបន្លាស់រថយន្ត ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបន្តថា រឿងក្ដីនេះកើតឡើងពីជំនួញឈើ ដែលឈ្មោះ អឿ អឿន បានទទួលប្រាក់ពីជនជាតិចិន ជាបន្តបន្ទាប់ ដើម្បីប្រគល់ឈើ ។ ប៉ុន្តែឈ្មោះ អឿ អឿន បានទទួលប្រាក់ហើយ តែមិនព្រមប្រគល់ឈើ ទើបឈានដល់ការដាក់ពាក្យបណ្ដឹងចាប់ខ្លួនតែម្ដង ។

ដើមបណ្ដឹងមានឈ្មោះ Shao Jianfen ជាជនជាតិចិន អះអាងថា បានប្រគល់ទៅឲ្យឈ្មោះ អឿ អឿន យកទៅប្រមូលទិញឈើធ្នង់នាំចេញ មានចំនួន៦,២០០,០០០ដុល្លារ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិចិនបានព្រមព្រៀងប្រគល់លុយឲ្យទៅឈ្មោះ អឿ អឿន ចំនួន៦,២០០,០០០ដុល្លារ ដើម្បីប្រមូលទិញឈើធ្នង់នៅក្នុងប្រទេសកម្ពុជានាំចេញយកទៅឲ្យខ្លួនដោយក្នុង១ខែត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រ តែឈ្មោះ អឿ អឿន គ្មានឈើស្របច្បាប់ប្រគល់ឲ្យនោះទេ ក្រោយមកដោយសារតែគ្មានឈើ ជនជាតិចិន ក៏បានទារលុយវិញ តែឈ្មោះ អឿ អឿនចេះតែពន្យារពេល ហើយចុងក្រោយ បានចេញសែកមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារទៅឲ្យជនជាតិចិនដោយបើកប្រាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែពេលយកសែកទៅបើកនៅ ធនាគារ គេថាសែកនេះមិនមានសាច់ប្រាក់នោះទេ។

ដោយឡែកឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រមព្រៀងប្រមូលទិញឈើឲ្យទៅជនជាតិចិនក្នុងទឹកប្រាក់៦,២០០,០០០ដុល្លារពិតមែនដោយមួយខែត្រូវប្រគល់ឈើអោយ៤០កុងតឺន័រ តែខ្លួនពិតជាគ្មានឈើប្រគល់អោយមែន ហើយលុយ៦,២០០,០០០ដុល្លារនោះក៏ខ្លួនមិនបានទទួលដែរ។ ចំណែកការចេញសែក ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនជាតិចិននោះ ពិតប្រាកដមែន៕

image image image

ដោយ៖ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print