នាយក​អង្គការ​អាមេរិក​មួយ​ ចាត់​ទុក​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​កម្ពុជា​ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក Travis Johnson Christian ​នាយកប្រតិបត្តិអង្គការ People for Care and Learning ​(PCL) បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ថា​សកម្មភាព​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ និង​ថា​អង្គការ​លោក​នឹង​ព្យាយាម​បង្ហាញ​ពិភព​លោក​ឱ្យ​បាន​ដឹង​ពី​រឿង​ឈ្លាន​ពាន​នេះ​ផងដែរ​។

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការ​ពារជាតិ មុខងារសាធារណៈ និង​កិច្ច​ការ​ព្រំដែន​ នៃ​រដ្ឋសភា​កម្ពុជា​លោក កែប ជុតិមា នៅ​ថ្ងៃ​ទី​៤ ខែ​មីនា លោក Travis បាន​លើក​ឡើង​ថា​វា​ជា​រឿង​រំជួល​ចិត្ត​ជា​ទី​បំផុត​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពួកគេ​ដោយ​សារ​អំពើ​ឈ្លាន​ពាន​ពី​ថៃ​នេះ​។

លោកថា៖ «ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​មក​លើ​កម្ពុជា​ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ វា​ជា​រឿង​សោកស្តាយ​បំផុត​ដែល​ថៃ​បាន​រំលោភបំពាន​អធិបតេយ្យ​កម្ពុជា​ បង្ខំ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​បោះបង់​ចោល​ផ្ទះសម្បែង និង​ភូមិឋាន»។​ លោក​បាន​បញ្ជាក់​បន្ថែម​ថា លោកនឹងផ្សព្វផ្សាយ​ការ​ពិត​នៃ​រំលោភបំពាន​នេះ​ទៅ​កាន់​ពិភពលោក​ឱ្យ​បាន​ដឹង​ច្បាស់​។

ប្រធាន​គណៈកម្មាការ​ទី​៤ រដ្ឋសភា​លោក កែប ជុតិមា បានថ្លែង​អំណរគុណ​ចំពោះសមាន​ចិត្ត​របស់​គណៈប្រតិភូ​អង្គការ​ PCL ដែល​បាន​ស្វែង​យល់​ការ​ពិត​ នៃ​ការ​រង​ទុក្ខ​របស់​ប្រជាជនកម្ពុជា​ពី​ការ​ឈ្លានពាន​របស់​ថៃ។ លោក​ក៏​បាន​ប្រាប់​ទៅ​លោក Travis ផង​ដែរ​ថា​ បើ​ទោះបី​ជា​មាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែ​កងទ័ព​ថៃ​នៅ​តែ​បន្ត​សកម្មភាព​មិន​ស្មោះត្រង់​ តាមរយៈ​ការ​ដាក់​ពង្រាយ​ទូ​កុង​តឺន័រ និង​លួស​បន្លា​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ ហួស​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​ថៃ​ខ្លួន​ឯង​ធ្លាប់​ទទួល​ស្គាល់​។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​ខ្សែ​ព្រំដែន​តាម​ច្បាប់​អន្តរជាតិ​ និង​មិន​ទទួល​ស្គាល់​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​កម្លាំង»។

លោក​បាន​បញ្ជាក់ថា​សន្តិភាពនៅតែជាគុណតម្លៃស្នូល ហើយកម្ពុជា​អំពាវនាវ​ឱ្យមានការ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ ដើម្បី​បញ្ចប់​ភាព​ស្រពិចស្រពិល​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​។

សូមបញ្ជាក់ថា អង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានបំពេញបេសកកម្មជួយកុមារកំព្រា និងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ២០០០។ ក្រៅពីជំនួបពិភាក្សា គណៈប្រតិភូក៏បានស្វែងយល់ពីរចនាសម្ព័ន្ធ និងតួនាទីស្នូលទាំង៤ របស់រដ្ឋសភា រួមមាន៖ នីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាង និងការទូតសភា តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print