ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖​ យ៉ាងហោចមនុស្ស​១០៣នាក់​ ត្រូវបានដកតំណែង និងបណ្ដេញចេញពីក្របខណ្ឌរដ្ឋ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានបង្ហាញរបាយការណ៍ថា​ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន១០៣នាក់ ត្រូវបានដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌរដ្ឋ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ការថ្លែងរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានលើកឡើងពីការចូលរួមយ៉ាងម៉ឺងម៉ាត់ពីគ្រប់ក្រសួង-ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវបទបញ្ជាលេខ០១បបស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​រូបនេះ​ បានគូសបញ្ជាក់ថា​ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្ននេះ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន១៣១ ៤៧៣នាក់ បានធ្វើតេស្តរកសារធាតុញៀន ដោយក្នុងនោះ រកឃើញវិជ្ជមានចំនួន១០៤នាក់។ តាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី អ្នកដែលរកឃើញមានផ្ទុកសារធាតុញៀនទាំងនេះ គឺ១០៣នាក់ត្រូវបានបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ខណៈកំពុងបន្តនីតិវិធីចំនួន១នាក់។

ឧបនាយករដ្ឋមន្ត្រី នេត​ សាវឿន​ បានថ្លែង​បន្តថា នេះគឺជាការឆ្លើយតបទៅនឹងគោលការណ៍«សម្អាតផ្ទះយើង»និង«សម្អាតចកចេញពីផ្ទៃបឹង របស់ប្រមុខរាជរដ្ឋាភិបាល សំដៅជំរុញអភិបាលកិច្ច ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៥កន្លងទៅមានចំនួន១០លើករួចមកហើយ ក្នុងគោលបំណងជំរុញ កៀរគរឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់ថ្នាក់ វិស័យឯកជន និងពលរដ្ឋទូទាំងប្រទេស ដើម្បីប្រមូលផ្តុំកម្លាំងសរុប វិធានការសរុប បង្កើតឱ្យបាននូវចលនាជាតិរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ឆ្នាំ២០២៥កន្លងទៅ និន្នាការនៃឧក្រិដ្ឋកម្មគ្រឿងញៀនជាសកល នៅតែបន្តប្រែប្រួលស្មុគស្មាញ និងមានកំណើនគួរឱ្យបារម្ភ ជាពិសេសការប្រែប្រួលទាំងរូបភាពនិងសកម្មភាពនៃការផលិត ការកែច្នៃ ការជួញដូរ ច្រកដឹកជញ្ជូនឆ្លងកាត់ និងការពង្រីកភូមិសាស្ត្រនៃការប្រើប្រាស់។

ដោយពិនិត្យឃើញថា មហន្តរាយដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាល ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងនោះ លោក នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ឆ្នាំ២០២៦ ក្នុងគោលដៅ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀន ព្រមទាំងកសាងសង្គមដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print