សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជាអធិបតី​ភាព​បិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីរយៈពេលពីរថ្ងៃ​ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ហើយបិទនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

*សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា​ រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ហើយក្នុងច្បាប់នេះ នឹងកំណត់នូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធ រួមទាំង ម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ។

*សម្ដេចធិបតី៖ បរិបទសកលកំពុងស្ថិតនៅក្នុងសភាពផុយស្រួយដោយសារ ការប្រកួតប្រជែងដណ្ដើមភូមិសាស្រ្តនយោបាយកត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចលើពិភពលោក និងសង្គ្រាម បានធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើនសកម្មភាពដាំដុះ និងផលិតគ្រឿងញៀនក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាម៉េរិកខាងត្បូង។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក។ 

*សម្តេចធិបតី រំពឹងថា ផែនការរបស់រាជរដ្ឋាភិបាលស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល១ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នឹងទទួលលទ្ធផលល្អបន្ថែមទៀត ខណៈផែនការចំនួន១០លើកនាពេលកន្លង ទៅទទួលបានភាពជោគជ័យច្រើន ដោយបានធ្វើការចាប់ជនសង្ស័យគ្រឿងញៀនបានជាបន្តបន្ទាប់នោះ។ 

*សម្ដេចនាយករដ្ឋមន្រ្ដី ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក្រាប ចំពោះបទល្មើសគ្រឿងញៀន ប្រើប្រាស់ ចែកចាយ រក្សាទុក និងកែច្នៃ និងចៀសវាងការដោះលែងជនឧក្រិដ្ឋដោយខុសច្បាប់។ 

*សម្ដេចធិបតី អំពាវនាវឲ្យគ្រប់ស្ថាប័នទាំងអស់ត្រូវខិតខំរួមគ្នាបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយត្រូវធ្វើការបង្រ្កាបឲ្យខាងតែបានចំពោះបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេស និងខ្មែរ ដើម្បីធ្វើយ៉ាងណាសម្អាតឲ្យអស់នូវគ្រឿងញៀនពីកម្ពុជា។

*សម្ដេចធិបតី បញ្ជាក់ជាថ្មីថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើងដែរ ខណៈការងារនេះរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងតែពីអាណត្តិមុនមកម្លេះ។

*សម្ដេចធិបតី ប្រាប់ទៅក្រុមឧក្រិដ្ឋជនថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហា នេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ។

*សម្ដេចធិបតី៖​ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងច្បាប់នេះ ក៏បានកំណត់ និងដាក់ចេញនូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ។

*សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងប៉ះពាល់ផ្ទាល់ទៅដល់ក្រុមអ្នកទទួលផលសេដ្ឋកិច្ចខ្មៅ និងសេដ្ឋកិច្ចប្រផេះ ខណៈចំណូលនៃសេដ្ឋកិច្ចទាំងពីរនេះមិនបានចូលមករាជរដ្ឋាភិបាលឬបដិភាគដល់ GDP កម្ពុជានោះទេ។

*សម្ដេចធិបតី ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)នេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើង ខណៈ ការអនុវត្តកន្លងមកនេះទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋផងដែរ។

*សម្ដេចធិបតី អំពាវនាវដល់បណ្ដាទេសចរបរទេសគ្រប់ទិសទីអញ្ជើញមកលេងកម្សាន្តនៅប្រទេសកម្ពុជា ខណៈកម្ពុជាមានសុវត្ថិភាពល្អ។ សម្ដេចក៏បានជំរុញឱ្យក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធត្រូវបន្តជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើនដើម្បីទេសចរបានដឹងពីកម្ពុជាពិត។

*សម្ដេចធិបតី៖​ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលើកកម្ពស់សេដ្ឋកិច្ចស គឺការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ (វិស័យកសិកម្ម ឧស្សាហកម្ម កាត់ដេរជាដើម)។

*សម្ដេចធិបតី៖ បច្ចុប្បន្ននៅមានសារព័ត៌មានបរទេសមួយចំនួននៅបន្តផ្សព្វផ្សាយខុសពីការពិតជុំវិញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) របស់កម្ពុជា ប៉ុន្ដែក៏មានសារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយត្រឹមត្រូវពីកម្ពុជាដែរ។ សម្ដេចជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពដែលសមត្ថកិច្ចបានធ្វើចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ។

*សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា រឿងទឹកដី រាជរដ្ឋាភិបាល និងប្រជាជនមិនដែលភ្លេចទេ ទោះបីជាកម្ពុជាធ្វើពិធីអបអរចូលឆ្នាំខ្មែរ «សង្ក្រាន្តឆ្នាំថ្មី» ក៏ដោយក៏យើងមិនភ្លេចរឿងទឹកដី និងប្រជាជនដែរ ប៉ុន្ដែយើងត្រូវធ្វើដោយបង្ហាញពីការសាមគ្គីភាពជាតិហើយត្រូវរំលេចអំពីបងប្អូនភៀសសឹក និងវីរកងទ័ព និងវីរនគរបាលជាតិរបស់យើង។

*សម្ដេចធិបតី៖​ ចង់ឱ្យពលរដ្ឋខ្មែររួបរួមគ្នា យកកម្មពីធីចូលឆ្នាំថ្មីខាងមុខនេះបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹក ជាពិសេសអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។

*សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង ជាកន្លែងហាត់កីឡា និងជាកន្លែងលំហែកម្សាន្តរបស់ប្រជាពលរដ្ឋ។

*សម្ដេចធិបតី៖​ គាំទ្រចំពោះការរៀបចំ នគរសង្ក្រាន្ត ឬអង្គរសង្ក្រាន្តឆ្នាំថ្មី ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ។ 

សូមជម្រាបជូនថា​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

...

ឆ្លងកាត់បទពិសោធក្នុងការអនុវត្តផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន១០លើកកន្លងទៅ (២០១៧-២០២៥) ពិនិត្យឃើញថា ជាជំហានៗផែនការយុទ្ធនាការនេះ បានក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា សម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀននាអនាគត»។​ ផែនការដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចាត់តាំងអនុវត្តតាមតួនាទី និងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print