អន្តរជាតិ៖ យោងតាមរបាយការណ៍សម្ងាត់ពីក្រុមប្រឹក្សាចារកម្មជាតិអាមេរិក ការវាយលុកយោធាខ្នាតធំរបស់ក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចផ្ដួលរំលំរចនាសម្ព័ន្ធអំណាចយោធា និងសាសនារបស់អ៊ីរ៉ង់បានឡើយ។ នេះបេីយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu ។
ទីភ្នាក់ងារ Anadolu ការវាយតម្លៃនេះបានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា លោកអាច «បោសសម្អាត» ថ្នាក់ដឹកនាំអ៊ីរ៉ង់ និងដាក់ជំនួសមកវិញនូវអ្នកស្នងតំណែងដែលលោកពេញចិត្ត។ ក្រុមអ្នកវិភាគជាន់ខ្ពស់យល់ឃើញថា ទោះបីជាមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់ក៏ដោយ ក៏យន្តការស្នងតំណែងដែលមានស្រាប់នឹងរក្សារចនាសម្ព័ន្ធអំណាចបច្ចុប្បន្នដដែល។
របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ក្រុមប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងមិនអាចឡើងកាន់អំណាចបានឡើយ។ ស្ថានភាពក្នុងតំបន់កំពុងឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨កុម្ភៈ បានសម្លាប់មនុស្សជាង ១០០០នាក់ រួមទាំងលោក Khamenei និងក្មេងស្រីសិស្សសាលាជាង ១៥០នាក់។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក ស្ថានទូត និងទីក្រុងនានារបស់អ៊ីស្រាអែល ដែលបង្ហាញថា អំណាចដឹកនាំរបស់ពួកគេនៅតែរឹងមាំ៕ដោយ៖តារា
(រូបថត៖ Anadolu)










