កម្ពុជា-ចិន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣,៥ ពាន់លានដុល្លារ កើនជាង ៣០%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបាននូវទំហំទឹកប្រាក់ជាង ៣,៥៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ កើនឡើង ៣៤,៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។

 

របាយការណ៍ដដែល បានគូសបញ្ជាក់ថា គិតចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៦ កម្ពុជានាំចេញទៅប្រទេសចិនសម្រេចបានជាង ២៩៥ លានដុល្លារ កើនឡើង ៣៥,៧% ខណៈចិននាំចូលមកវិញមានតម្លៃ ៣,២៨ ពាន់លានដុល្លារ កើន ៣៤,២% ដែលនាំឱ្យកម្ពុជាមានឱនភាពពាណិជ្ជកម្ម ២,៩ ពាន់លានដុល្លារ។

 

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងនៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦នេះថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរ។

 

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក ការនាំចូល ច្រើនជាងការនាំចេញរហូត ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅតែរីកចម្រើន កម្ពុជាកំពុងត្រូវការវត្ថុធាតុដើមផ្នែកកម្មន្តសាល ជាពិសេសពីចិន ដើម្បីផលិត កែច្នៃ ហើយនាំចេញទៅប្រទេសមួយចំនួនទៀតដូចជាទៅសហគមន៍អឺរ៉ុប និងអាមេរិក»។

 

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «យើងនាំចូលច្រើនមែន តែយើងផលិត កែច្នៃរួច យើងនាំចេញក៏បានចំណេញច្រើនទៀតដែរ ថ្វីត្បិតតែនាំចូលច្រើនមែន តែកុំភ្លេចថា ប្រទេសយើងមិនមែនជាប្រទេសផលិតវត្ថុធាតុដើមផ្នែកកម្មន្តសាលទេ យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសផ្សេង»។

 

ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។

 

ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

...

 

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print