បណ្ឌិត កៅ មុយថង វាយតម្លៃខ្ពស់ចំពោះរបត់យុទ្ធសាស្ត្រថ្មី ដែលបានលេចចេញ ពីមហាសន្និបាតសភាចិន ឆ្នាំ២០២៦នេះ

ចែករំលែក៖

អ្នកវិភាគ និងតាមដានសង្គម លោកបណ្ឌិត កៅ មុយថង វាយតម្លៃខ្ពស់ចំពោះរបត់យុទ្ធសាស្ត្រថ្មី ដែលបានលេចចេញ ពីមហាសន្និបាតសភាចិនឆ្នាំ២០២៦នេះ ដែលទើបតែបិទបញ្ចប់ នាពេលថ្មីៗនេះ។

 

លោកបានប្រាប់ នៅថ្ងៃពុធនេះថា «ក្នុងនាមជាអ្នកតាមដានម្នាក់ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបត់យុទ្ធសាស្ត្រថ្មី ដែលបានលេចចេញ ពីមហាសន្និបាតសភាចិនឆ្នាំ២០២៦នេះ។ នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំនយោបាយធម្មតានោះទេ ប៉ុន្តែគឺជាការកំណត់ ‘វាសនាសេដ្ឋកិច្ចថ្មី’ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានយ៉ាងសកម្ម និងយ៉ាងខ្លាំងក្លា មកលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងនាំមកនូវកាលានុវត្តភាពមហាសាលសម្រាប់កម្ពុជាយើង»។

 

បើតាមលោកបណ្ឌិត, មហាសន្និបាតនេះ បានបញ្ចេញនូវសញ្ញាណវិជ្ជមានចំនួន៣ ដែលជួយឱ្យសេដ្ឋកិច្ចសកលមាន ស្ថិរភាព ដោយសារតែ ចិនជា «ក្បាលម៉ាស៊ីន» នៃបច្ចេកវិទ្យាសកល និងការឈានឡើងនៃ «កម្លាំង ផលិតកម្មថ្មី»។ ក្រៅពីនេះ ក៏ការផ្តល់ ‘ភាពកក់ក្តៅ’ ដល់អ្នកវិនិយោគ។ ក្នុងបរិបទដែលពិភពលោកខ្លាចរអាពី ការបែកបាក់សេដ្ឋកិច្ច, មហាសន្និបាតនេះបានដើរតួជា «យុថ្កាដ៏រឹងមាំ» ដើម្បីផ្តល់ លំនឹងដល់ពាណិជ្ជកម្មសកល។

 

លោកបណ្ឌិត បន្ថែមទៀតថា មហាសន្និបាតនេះ បានផ្តល់ «ភ្លើងខៀវ» ដល់ការធ្វើបដិវត្តន៍ថាមពលស្អាត ដែលជាការឆ្លើយតបដ៏មានប្រសិទ្ធភាពបំផុត ទៅនឹងវិបត្តិអាកាសធាតុសកល។ ក្នុងន័យនេះ ការពន្លឿនការផលិត បន្ទះសូឡា ថាមពលខ្យល់ និង ការផលិតរថយន្តអគ្គិសនី (EV) ក្នុងកម្រិតឧស្សាហកម្មខ្នាតយក្ស នឹងធ្វើឱ្យពិភពលោក អាចផ្លាស់ប្តូរទៅប្រើថាមពលបៃតង បានលឿនជាងការរំពឹងទុក។

 

«សម្រាប់ពិភពលោក ការណ៍នេះគឺជាការសង្គ្រោះភពផែនដី។ សម្រាប់កម្ពុជា នេះគឺជាឱកាសក្នុងការទទួលបានការវិនិយោគ លើ «ថាមពលស្អាត» ដែលជួយឱ្យយើងសម្រេចបាននូវសេដ្ឋកិច្ចបៃតង និងទាក់ទាញវិនិយោគិន អន្តរជាតិដែលស្រឡាញ់បរិស្ថាន។ យើងអាចនិយាយបានថា ផែនការ៥ឆ្នាំលើកទី១៥ ដែលសភាចិនទើបតែអនុម័តក្នុងខែមីនានេះ គឺជា ‘ផែនទីបង្ហាញផ្លូវថ្មី’ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ផែនការនេះ មិនមែនគ្រាន់តែជាតួលេខនៅ លើក្រដាសនោះទេ ប៉ុន្តែវាគឺជាការសន្យានៃភាពជាដៃគូ។ មានន័យថា នៅពេលចិនដើរទៅមុខដោយ គុណភាព និងបច្ចេកវិទ្យា នោះពិភពលោកទាំងមូលក៏ទទួលបាននូវស្ថិរភាព និងភាពទំនើបទៅជាមួយ គ្នាផងដែរ»៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print