ខេត្តកំពត : រាជរដ្ឋាភិបាលបានសម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ នេះបើតាមសេចក្ដីសម្រេចចេញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះមានភារកិច្ចសំខាន់ៗដូចជា៖
-ត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញពី និងចូលមកនូវទំនិញ មធ្យោបាយ និងជនានុជនគ្រប់រូបរបស់តំបន់។ អនុវត្ដការត្រួតពិនិត្យបែបបទគយ សម្រាប់ការចេញ-ចូលទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ចជំនាញនានារបស់រាជរដ្ឋាភិបាល។
-ត្រួតពិនិត្យការអនុវត្ដការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់ លើរាល់សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់។
-ពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ ពិនិត្យផ្ដល់ជូននូវការលើកទឹកចិត្ដ ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលបានស្នើឡើងដោយអ្នកវិនិយោគក្នុងតំបន់ ដើម្បីសម្រេចជូននៅនឹងកន្លែង។
-ត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់
-សហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន។
-សម្រួលរាល់បែបបទដែលពាក់ព័ន្ធឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
-ធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ពីសកម្មភាពរបស់តំបន់ជូនមកក្រសួង-ស្ថាប័នគ្រប់គ្រង និងគណៈកម្មាធិការវិនិយោគកម្ពុជា។
-ធ្វើកិច្ចការផ្សេងៗទៀតក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគក្នុងតំបន់ ពាក់ព័ន្ធទៅនឹងបណ្ដាក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល៕
ដោយ : សិលា











