សហរដ្ឋអាមេរិក «ផ្តល់ភ្លើងខៀវ» សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី

ចែករំលែក៖

សហរដ្ឋអាមេរិកកំពុងផ្តល់ការលើកលែងរយៈពេល 30 ថ្ងៃដល់ប្រទេសដែលទិញប្រេង និងផលិតផលប្រេងកាតរបស់រុស្ស៊ីដែលកំពុងជាប់គាំងនៅលើសមុទ្រ ដែលជាចលនាមួយដែលមានគោលបំណងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថិរភាព ក្រោយបានរង្គោះរង្គើដោយជម្លោះនៅមជ្ឈិមបូព៌ា។

ចលនានេះត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់រដ្ឋបាលលោក Trump ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល។ ពីមុន ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ រួមជាមួយនឹងសកម្មភាពសងសឹករបស់ទីក្រុងតេអេរ៉ង់ បានបង្កើនភាពតានតឹងក្នុងតំបន់ និងរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់លំហូរប្រេង និងឧស្ម័នសកល។
យោងតាមលិខិតអនុញ្ញាតដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ប្រេងឆៅ និងផលិតផលប្រេងកាតរបស់រុស្ស៊ីត្រូវបានផ្ទុកឡើងលើកប៉ាល់ចាប់ពីថ្ងៃទី 12 ខែមីនា ហើយមានសុពលភាពរហូតដល់ថ្ងៃទី 11 ខែមេសា។
ពាក់ព័ន្ធនឹង បញ្ហាច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាល្លឺម៉ង់ លោក Johann Wadephul បានលើកឡើងថា ដំណោះស្រាយសម្រាប់បញ្ហាសន្តិសុខនៅច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់ អាចសម្រេចបានលុះត្រាតែតាមរយៈមធ្យោបាយការទូត។
អំឡុងទស្សនកិច្ចនៅតួកគីយ៉េ លោក Wadephul បាននិយាយយ៉ាងដូច្នេះថា «ដំណោះស្រាយដែលអាចជឿទុកចិត្ត និងមាននិរន្តរភាព អាចត្រូវសម្រេចបាន លុះតែតាមរយៈមធ្យោបាយការទូតប៉ុណ្ណោះ ហេតុនេះហើយខ្ញុំជឿជាក់ថា ពួកយើងគួរតែរួមសហការគ្នា ទាំងជាមួយតំបន់ឈូងសមុទ្រ ក៏ដូចជានៅទីនេះក្នុងតំបន់របស់យើងផ្ទាល់»។
គួរបញ្ជាក់ថា ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់លើអាមេរិកនិងអ៉ីស្រាអែល ដែលរួមមានទាំងការកំណត់គោលដៅលើកប៉ាល់ នៅច្រកសមុទ្រ Hormuz បានធ្វើឱ្យចរាចរណ៍កប៉ាល់ដែលមិនមែនជារបស់អ៉ីរ៉ង់ ឆ្លងកាត់ទីនោះ ដើម្បីនាំចេញប្រេងពីមជ្ឈិមបូព៌ា ជាប់គាំងសឹងទាំងស្រុង ហើយបង្ខំឱ្យការផលិតប្រេងនៅក្នុងតំបន់ ត្រូវបានកាត់បន្ថយ៕

...

រូប​ថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print