យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិល ត្រឡប់ទៅផ្ទះសម្បែងវិញទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញដោយត្រូវគិតគូរទាំងផ្នែកជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាពតែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារបូរណភាពទឹកដីហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕










